ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃមាសកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០ខែកន្លងមក

ចែករំលែក៖

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា តម្លៃមាសនៅទ្វីបអាស៊ី កើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល១០ខែចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាជើងបានសាកល្បងគ្រាប់បែកបរមាណូ។ តម្លៃមាសកើនឡើង ដោយសារតែក្រុមអ្នកវិនិយោគនាំគ្នា ទិញមាសរក្សាទុក «ជាទ្រព្យសម្បត្តិមានសុវត្ថិភាពបំផុត» ពេលមានសង្គ្រាម។

នៅលើទីផ្សារ ទ្វីបអាស៊ី នៅវេលាម៉ោង៧និង៤១នាទី តម្លៃមាសកើនឡើង ០,៨ភាគរយ ។ ក្រៅពីមាស ប្រាក់យ័នរបស់ជប៉ន និង ទីផ្សារ មូលបត្ររបស់រដ្ឋាភិបាលជប៉ុន ក៏កើនឡើង ផងដែរ។ សកម្មភាពរបស់កូរ៉េខាងជើង បានធ្វើឲ្យក្រុមអ្នកវិនិយោគ ងាក់ទៅរកទ្រព្យសម្បត្តិដែលរក្សាទុកដោយសុវត្ថិភាព។

កូរ៉េខាងជើង ទើបតែបានសាកល្បងគ្រាប់បែកបរមាណូ ហីត្រូស៊ូនពង្រួមតូច អាចបំពាក់ លើកាំជ្រួចមីស៊ីលវាយប្រហារនៅគ្រប់ទិសទី ជុំវិញពិភពលោក ពិសេសគឺអាមេរិក ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសផងដែរថា នឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើ អាមេរិក និងសម្ពន្ធមិត្តរងការគំរាមកំហែងនោះ។

នៅពេលដែលមាភាពតានតឹង ឬជិតផ្ទុះសង្គ្រាម ទីផ្សារមាសនៅលើពិភពលោក បានកើនឡើង ជាបន្តបន្ទាប់ ដោយសារតែការបង្វែរទិញមាសរក្សាទុកដើម្បីសុវត្ថិភាព។ កាលពីសង្គ្រាម អាល្លឺម៉ង់ក៏ដូចជារុស្ស៊ីបានទិញមាស រាប់ពាន់តោន រក្សាទុកដោយផ្ញើនៅតាមធនាគារប្រទេសដែលមានសុវត្ថិភាព ដូចជា អាមេរិក បារាំងជាដើម។

នៅពេលដែលមានសន្តិភាពពេញលេញ អាល្លឺម៉ង់ ក៏បានបញ្ជូនមាសពីអាមេរិកនិងបារាំង ទៅរក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនវិញ។ ធនាគារជាតិអាល្លឺម៉ង់ Bundesbankកាលពី ខែសីហា បានប្រកាសថា បានបញ្ជូនរួចរាល់នូវមាសដែលរក្សាទុកនៅក្នុងប្រទេសបារាំងនាសម័យសង្គ្រាមត្រជាក់ទៅរក្សាទុកនៅក្នុងប្រទេសអាល្លឺ ម៉ង់វិញ។ ការរៀបចំបញ្ជូនមាសទាំងនោះ ធ្វើឡើងលឿនជាងគម្រោងដល់ទៅ៣ឆ្នាំ។

កាលពីឆ្នាំ២០១៣ មាសមានប្រមាណ ៣១ភាគរយប៉ុណ្ណោះ រក្សាទុកនៅក្នុងឃ្លាំងប្រទេសអាល្លឺម៉ង់ ស្មើ១.០៣៦តោន។ ធនាគារជាតិ Bundesbankបានប្រកាសថាយ៉ាងយូរបំផុតគឺនៅឆ្នាំ២០២០ មាស ចំនួនពាក់កណ្តាលរបស់អាលឺ្លម៉ង់ដែល រក្សានៅក្រៅប្រទេសនឹងបញ្ជូនដល់ទីក្រុងហ្វ្រាំងហ្វឺតស្មើ៣.៣៨៧តោន។

ជាមួយនឹងចំនួនមាសយ៉ាងច្រើនបែប នេះ អាល្លឺម៉ង់ក្លាយទៅជាប្រទេសដែលរក្សាទុកមាសធំលំដាប់ទី២លើពិភពលោក ជាមួយដុំមាសរហូតដល់ទៅ ២៧៩.០០០ ដុំមានតម្លៃ១២០ពាន់លានអឺរ៉ូ។ បច្ចុប្បន្នមាសអាល្លឺម៉ង់រក្សាទុកនៅក្នុងឃ្លាំងអាមេរិក ក្នុងទីក្រុងញូវយ៉ក មាន ១.២៣៦ តោន។ នៅក្នុងធនាគារជាតិអង់គ្លេស មាន៤៣២តោន និងនៅហ្វ្រាំងហ្វឺត មាន ១.៧១០តោន។ នៅក្នុងសម័យសង្គ្រាម ត្រជាក់អាល្លឺម៉ង់បានលាក់ទុកមាសភាគច្រើននៅក្រៅប្រទេស ដូចជាទីក្រុងឡុងទីក្រុងប៉ារីស និងទីក្រុងញូវយ៉កអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះអាល្លឺម៉ង់បានសម្រេចបញ្ជូនមាសទាំងនោះវិលត្រឡប់ទៅស្រុកវិញ៕ ម៉ែវសាធី


ចែករំលែក៖