ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមដេញតាមកាប់យុវជនម្នាក់រងរបួសធ្ងន់ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់ ត្រូវក្រុមក្មេងស្ទាវមួយក្រុមដេញតាមកាប់នឹងដាវកែច្នៃ បណ្ដាលឲ្យរងរបួសដៃ និងក្បាលធ្ងន់ធ្ងរឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខផ្សារសូរិយ៉ាម៉ល តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមិនស្គាល់ឈ្មោះនិងអាសយដ្ឋានមានអាយុប្រមាណ២៣ឆ្នាំ ដើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូងហើយ ខណៈមកដល់ចំណុចកើតហេតុ មុខផ្សារសូរិយាម៉ល ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុម កាន់ដាវនិង កាំបិត ដេញតាមមកកាប់ប្រហារលើយុវជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ និងក្បាលធ្ងន់ធ្ងរ ហូរឈាមស្រោចពេញខ្លួនតែម្តង ហើយមិនត្រូវបានគេដឹងថា មកពីមូលហេតុអ្វីនោះទេ ។ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្តរាគមន៍ ប៉ុន្តែពេលមកដល់ ក្រុមជនមិនស្គាល់មុខ បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយទើបសមត្ថកិច្ចបានហៅរថយន្តសាមុយមន្ទីរពេទ្យហុងហាក់ មកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ៕ ប្រាថ្នា


ចែករំលែក៖