ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ បដិសេធ​ការ​សុំ​ជួប​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជួប​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ទេ​ ។

តាម​រយៈ​លិខិត​ជម្រាប​ជូន​លោក​ស្រី​ មូរ​ សុខ​ហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី​០៦​ ខែ​កញ្ញា​ លោក​ គី​ ឫទ្ធី​ ថ្លែង​ថា​ ដោយសារ​សំណុំរឿង​ស្ថិត​ក្នុង​ចំណាត់​ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា​ ហើយ​ចៅក្រម​ពុំ​ទាន់​បាន​សាកសួរ​ជនត្រូវចោទ​នៅ​ឡើយ​ ហេតុ​នេះ​ការ​ជួប​ឬ​សួរ​សុខទុក្ខ​ អាច​អនុញ្ញាត​ឱ្យ​បាន​តែ​មេធាវី​និង​ក្រុម​គ្រួសារ​ជនត្រូវចោទ​ដែល​មិន​ទាក់ទិន​នៅ​ក្នុង​សំណុំ​រឿង​តែ​ប៉ុណ្ណោះ​ ។

ចៅក្រម​ស៊ើបសួរ​ អះអាងថា​ សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត​ ការ​សួរ​សុខទុក្ខ​ អាច​អនុញ្ញាត​បាន​ក្រោយ​ពីបាន​បំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​សិន​ ។

គួរ​បញ្ជាក់​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ នេះ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ជាប់​ចោទ​បទ​ល្មើស​”ក្បត់​ជាតិ​”ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​ ៕ ចេស្តា


ចែករំលែក៖