ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ប្តឹង​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ នឹង​ប្តឹង​គណៈ​កម្មការ​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​ ទៅ​តុលាការ​ ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​មួយ​ជំរុញ​ចំណូល​និង​ចំណាយ​ ពី​ការ​បុណ្យ​សព​ ដែល​លោក​អះអាង​ថា​​ តែ​ប្រាក់​សូម្បី​មួយ​រៀល​ពុំ​បាន​ជូន​គ្រួសារ​សព​ឡើយ​ ។

លោក​ ពេជ្រ​ ស្រស់​ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា​ ថា​ លោក​នឹង​ប្តឹង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ និង​ លោក​ ប៉ា​ ងួន​ទៀង​ ទៅ​តុលាការ​ ដើម្បីបកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់​ឱ្យ​បានច្បាស់អំពីលុយបុណ្យសពបណ្ឌិត កែម ឡី ដែលមហាជនដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើន​នោះ។​

លោក​ថា​ “វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃទី​០៨​ ខែ​កញ្ញា​ បណ្តឹង​នឹង​ត្រូវ​ដាក់​ចូល​តុលាការ​ “​ ។​

លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ ថា​ “​ ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ​ “​ ។

លោក​ បន្តថា​ “​ នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។​ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ”​ ។

គួរ​បញ្ជាក់​ថា​ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧​កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់​ថវិកាចំនួន​៣,០២០,០០០រៀល​ ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ​ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ​ខេត្តតាកែវ​ ៕ចេស្តា


ចែករំលែក៖