ភ្នំពេញ៖ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិស្បែកខ្មៅបីនាក់ដាក់ពន្ធនាគារអស់មួយជីវិត និង បុរសជនជាតិខ្មែរពីរនាក់៣០ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាម ។
ក្រោយការសម្រេចនេះ បុរសជនជាតិស្បែកខ្មៅទាំងបីនាក់ ស្រែកទ្រហោយំ និង ដេកក្រាញននៀលលើឥដ្ឋ ដោយបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចនេះ ។
ជនជាប់ចោទទាំងប្រាំនាក់ ទី១ ឈ្មោះ Innocent onwumere okafor អាយុ៤៤ឆ្នាំ ទី២ ឈ្មោះ Eric chenodu ankker អាយុ២៤ឆ្នាំ ទី៣ ឈ្មោះ Moser chego enbechi អាយុ ៣២ឆ្នាំ ទី៤ ឈ្មោះ ចាន់ រតនា ហៅហ្គោល អាយុ២៤ឆ្នាំ និង ទី៥ ឈ្មោះប៊ុន រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ។
ជនជាប់ចោទទាំង៥នាក់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ ខណៈពួកគេយកគ្រឿងញៀនទៅឱ្យអតិថិជន ។
ក្នុងសវនាការកន្លងទៅ ក្រុមជនជាប់ចោទទាំងអស់បដិសេធដូចគ្នា ថា ពុំបានប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដូចការចោទប្រកាន់ទេ ៕ ចេស្តា