ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងរថយន្ត ដោយសារបុកពីក្រោយរថយន្តដឹកទឹកកកនៅវេលាម៉ោង៤និង៥៥នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥១-១៥២ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង រថយន្ត ១គ្រឿងម៉ាក LUXES RX300 ពណ៌ ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2A-4441 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0124 ដែលមានទិសដៅស្របគ្នា ។
ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុដែលអង្គុយកៅអីមុខជាប់អ្នកបើកបររថយន្តLUXES អ្នកបើកបររថយន្តទាំងពីរបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
បច្ចុប្បន្នរថយន្តទាំង២ គ្រឿង សមត្ថកិច្ចកំពុងស្ទូចយកចេញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលារង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ