ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដឹកនាំប្រទេសធ្វើឲ្យពលរដ្ឋស្លាប់គរជើងគ្នា

ចែករំលែក៖

ការដឹកនាំប្រទេស មីយ៉ាន់ម៉ា របស់ គណបក្ស សង្គមប្រជាធិបតេយ្យ របស់ លោកស្រីអ៊ុងសាន ស៊ូជី ពេលនេះបាន ទទួលរងការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាន ជុំវិញពិភពលោក ដោយសារ ការដឹកនាំ ដែល មានម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ដែលជាទីប្រឹក្សារដ្ឋាភិបាល ប៉ុន្តែធ្វើឲ្យពល រដ្ឋ រាប់រយនាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួនចេញពីប្រទេស ដោយសារអំពើ ហិង្សា ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែ កញ្ញានេះ មានមនុស្ស ជាង៤០០នាក់ស្លាប់ ទ្រព្យសម្បតិ្តជាច្រើនបានរងការបំផ្លាញ និង ពលរដ្ឋរាប់សែននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង ទៅកាន់ប្រទេសជិតខាង ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនឃើញមានចំណាត់ការអ្វីក្នុងការទប់ស្កាត់នោះឡើយ ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗពីមួយថ្ងៃទៅ មួយថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ក៏បានថ្កោលទោស ដល់រដ្ឋាភិបាល មីយ៉ាន់ម៉ាថា អសម្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍។

ពាក់ព័ន្ធនឹងព័ត៌មានវាយប្រហារគ្នា សម្លាប់មនុស្ស និងបង្កឲ្យមានជនភៀសខ្លួនកាន់តែច្រើននោះ លោកស្រី អ៊ុងសាន សូ៊ជី បានលើកឡើងថា មានព័ត៌មានក្លែង ក្លាយច្រើនណាស់ ដែលត្រូវបានផ្សព្វផ្សាយឡើងដោយពួកភេរវករក្នុងវិបត្តិរ៉ូហ៊ីងយ៉ាលើកនេះ ដើម្បីបំពុលទំនាក់ទំនងរវាងមីយ៉ាន់ម៉ា ជាមួយនឹងបណ្តាប្រទេសផ្សេង ទៀត។

ចាប់តាំងពីបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី បានជាប់ឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១៥ និងបានចូលកាន់តំណែងដឹកនាំប្រទេសនៅខែមេសា ឆ្នាំ២០១៦មក មានសំណួរច្រើនណាស់ត្រូវបានចោទឡើងជុំវិញប្រសិទ្ធភាព និងទស្សនវិស័យនៃការគ្រប់គ្រងរដ្ឋាភិបាល។

ជាជ័យលាភីណូបែលសន្តិភាពនិងជានិមិត្តរូបអ្នកការពារសិទ្ធិមនុស្ស តែលោក ស្រីអ៊ុង សាន ស៊ូជី មិនដែលចេញស្តីអ្វីក្នុងន័យការពារជោគវាសនាជនជាតិភាគតិច (៣០%នៃប្រជាជនសរុប) ជាពិសេសជន ជាតិរ៉ូហ៊ីងយ៉ានោះទេ។ ការស្ងាត់ស្ងៀម អាចជាទង្វើរើសអើងដ៏សាហាវមួយហើយ និងជាជម្រើសដើម្បីប្រយោជន៍នយោ បាយ តែការស្ងាត់ស្ងៀមដ៏សមហេតុផល មួយទៀត គឺអាចមកពីលោកស្រី គ្មាន អំណាចសោះលើពួកយោធា។

លោកស្រីមានឈ្មោះ និងតួនាទីជាដឹក នាំរដ្ឋាភិបាលមែន ប៉ុន្តែពួកយោធានៅតែមានសិទ្ធិប្រឆាំងវ៉េតូនៅក្នុងសភា និងព្រឹទ្ធ​សភា។ សមាជិកមួយភាគបួន ជាយោធា ជាតំណាងរាស្ត្រស្វ័យប្រវត្តិ ជាប់ដោយ គ្មានឆ្លងកាត់ការបោះឆ្នោត និងចុងក្រោយបង្អស់គឺយោធាជាអ្នកកាន់ក្រសួងសំខាន់ៗ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង ព្រំដែន។

ដូច្នេះចង់ឬមិនចង់ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវតែត្រូវ រ៉ូវជាមួយស្ថាប័នយោធាដ៏មានអំណាចនេះ។ គ្រាន់តែថាប្រសិនបើរដ្ឋាភិបាលរបស់លោកស្រី ដឹកនាំប្រទេសមានការតិចម្រើនលើវិស័យសេដ្ឋកិច្ចនិងសង្គម នោះប្រទេសនឹងអាចមានការប្តូរផ្លាស់ ហើយបក្សលោកស្រីក៏ទំនងជាមានទឹកមាត់ប្រៃក្នុងបញ្ចុះ បញ្ចូលពួកយោធាដែរ ប៉ុន្តែលទ្ធផលមាន តិចតួចពេក។

ក្រៅអំពីបញ្ហានយោបាយ នៅមានបញ្ហាបុគ្គលនិងសមត្ថភាពមួយទៀត ដែលលោកស្រីមិនបានធ្វើអ្វីដែលជាការផ្តល់ ទំនុកចិត្តដល់ក្រុមជនជាតិភាគតិចនៃ ប្រទេសទេ។ ហេតុនេះហើយទើបពលរដ្ឋមើលឃើញលោកស្រីជាមនុស្សវាយឫក និងមិនផ្តល់តម្លៃដល់ពលរដ្ឋក្រីក្រ។ សូម្បីតែ អ្នកនយោបាយក្នុងជួរបក្ស ក៏ផ្តើមរិះគន់ដែរថាការជាប់ឃុំឃាំងជាង១០ឆ្នាំក្នុងគេហដ្ឋានបានធ្វើឱ្យលោកស្រីបាត់បង់អស់កម្លាំង និងសមត្ថភាព។ អ្នកធ្លាប់គាំទ្រលោកស្រី មួយចំនួន កំពុងផ្តើមចោទសួរខ្លួនឯងថា បើនយោបាយរបស់លោកស្រីស៊ូជីត្រូវបរាជ័យ ពួកឧត្តមសេនីយ៍យោធានឹងក្លាយជាអ្នកកាន់អំណាចដ៏ត្រឹមត្រូវហើយលើកនេះ។

នៅថ្ងៃនេះ លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខការទូត និងទីប្រឹក្សាជាន់ខ្ពស់រដ្ឋ មីយ៉ាន់ម៉ា បានបញ្ចេញប្រតិកម្មជាលើក ទីមួយ ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា។ បើតាមលោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាព បញ្ជាក់ថា មានការបំប៉ោងព័ត៌មានក្លែងក្លាយ នៅក្នុងវិបត្តិរ៉ូហ៊ីងយ៉ានេះ ពីសំណាក់ពួក ភេរវជន ដែលបានធ្វើឱ្យខូចរូបភាពប្រទេសមីយ៉ាន់ម៉ាយ៉ាងខ្លាំង។ ប៉ុន្តែបញ្ហានៅត្រង់ថាហេតុអ្វីលោកស្រីស្ងាត់មាត់ឈឹងមិនចេញស្តី អ្វីទាំងអស់ ហើយទើបចេញមុខធ្វើអត្ថាធិប្បាយនៅពេលនេះ ?

វិបត្តិរ៉ូហ៊ីងយ៉ា បានផ្ទុះឡើងជាថ្មី តាំងពីចុងខែសីហាមកនៅប្រទេសមីយ៉ាន់ម៉ា ។ ជាវិបត្តិមនុស្សធម៌ និងនយោបាយដ៏ធ្ងន់ ធ្ងរបំផុត ក្រោមស្លាកប្រតិបត្តិការកម្ចាត់ពួកភេរវកម្ម រហូតដល់មានពាក្យចោទប្រកាន់ថាមីយ៉ាន់ម៉ា កំពុងបោសសម្អាតប្រល័យ ពូជសាសន៍ រ៉ូហ៊ីងយ៉ាទៀតផង។

ប៉ុន្តែលើកនេះក៏ដូចជាលើកមុនៗដែរ លោកស្រី អ៊ុងសាន ស៊ូជី មិនចេញស្តី អ្វីទាំងអស់។ ជាអតីតនិមិត្តរូបប្រជាធិប តេយ្យ និងដែលក្នុងស្ថានភាពជាក់ស្តែង លោកស្រីជាប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា បានជ្រើសរើសការស្ងាត់ស្ងៀមរហូតមក។ ស្ងៀមជាងស្រដី ជាជម្រើសនយោបាយ ស្រុះស្រួលជាមួយពួកយោធាដែលកំពុងបើកប្រតិបត្តិការប្រឆាំងនឹង ជនជាតិរ៉ូហ៊ីង យ៉ា ដែលមីយ៉ាន់ម៉ា មិនបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងប្រទេសរបស់ខ្លួនឡើយ បើទោះបីជាជនជាតិនេះរស់នៅលើទឹកមីយ៉ាន់ម៉ា រាប់ជំនាន់មកហើយក៏ ដោយ។

ទើបតែនៅថ្ងៃនេះទេ ដែលលោកស្រី បានចេញស្តី។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែង ការណ៍បង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ូក លោកស្រីមិនបាននិយាយអ្វីមួយម៉ាត់ពាក់ព័ន្ធអ្វីទៅនឹងការរត់ភៀស ខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ១២ម៉ឺន៥ពាន់ទៅកាន់បង់ក្លាដេស ដើម្បីគេចពីអំពើហិង្សាបង្ក្រាបរបស់យោធានៅរដ្ឋរ៉ាឃីននោះទេ មានត្រឹមតែការធានាអះអាងរបស់រដ្ឋាភិបាល ក្នុងការការពារពលរដ្ឋនៅរដ្ឋភាគខាងលិច ប្រទេស ឱ្យបានប្រសើរបំផុតតាមដែល អាចធ្វើទៅបាន និងពាក្យព្រមានបរិហារ ការផ្សាយព័ត៌មានក្លែងក្លាយ៕ ម៉ែវ សាធី

 


ចែករំលែក៖