ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយទៀត ខណៈស្ពានជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ទាំងស្រុងដើម្បីជួសជុលឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយបន្ថែមទៀតដើម្បី បញ្ជៀសការកកស្ទៈចរាចរណ៍គ្រាដែលស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍ ទាំងស្រុង ដើម្បីធ្វើការជួសជុលកែលំអរ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌខាងមុននេះ។ នេះតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន OCIC នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពី តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធលោក ឃួង ស្រេង បានសំណូមពរឲ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់សិក្សាឲ្យបានច្បាស់ ពីផលប៉ះពាល់ដែលអាចកើតមានឡើង ខណៈពេលចាប់ផ្តើមសាងសង់ស្ពាន។

ពាក់ព័ន្ធការងារនេះដែរលោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសាធរណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលកែសំរួលកំណាត់ផ្លូវជាតិលេខ៥ ឲ្យបានល្អប្រសើរ ដើម្បីសំរួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ លើសពីនេះដើម្បីជួយសំរួលក៏ដូចជា ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ លោកអភិបាលក្រុង បានជំរុញឲ្យមានការរៀបចំដាក់លិខិតស្នើសុំទៅខាងក្រុមហ៊ុន «លីយ៉ុងផាត់» ដើម្បីកុំឲ្យយកកំរៃចំពោះរថយន្តប្រភេទទេសចរណ៍ ខណៈឆ្លងកាត់ស្ពានលីយ៉ុងផាត (ព្រែកព្នៅ) អំឡុងពេលដែលមានការស្ថាបនាស្ពានថ្មី។

សូមបញ្ជាក់ថា៖ គំរោងសាងសង់ស្ពានបាឡេនឹងត្រូវប្រើប្រាស់រយៈពេល៦ខែ ចាប់ផ្តើមចេញពីចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្លងទៅកាន់ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំណែកស្ពានជ្រោយចង្វារចាស់ គ្រោងបិទដើម្បីធ្វើការជួសជុលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ ហើយ។ បើតាមគំរោងនឹងប្រើរយៈពេល២២ខែ ក្នុងការស្ថាបនា ដោយចំណាយទឹកប្រាក់ចំនួន៣០លានដុល្លារ ដែលជាជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនតាមរយៈអង្គការ JICA៕ សំរិត


ចែករំលែក៖