ភ្នំពេញ៖ ប្រតិភូហាជ្ជីពីកម្ពុជា២០រូប ដែលចេញដំណេីរទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៣ ខែសីហា ២០១៧ កន្លងទៅ តមតាមការអញ្ជេីញពីព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សីស អាលសាអូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនោះ កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជេីញវិលត្រឡប់មកដល់កម្ពុជាវិញហេីយ ក្រោមការទទួលស្វាគមន៍របស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជានមខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានថ្លែងអំណរគុណចំពោះរារដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្សីស អាលសាអូដដែលជារៀងរាល់ឆ្នាំតែងតែអញ្ជេីញប្រតិភូហាជ្ជីកម្ពុជា ក្នុងនាមភ្ញៀវរបស់ព្រះអង្គអោយទៅប្រារព្ឋពិធីបុណ្យហាជ្ជបហេីយ ព្រះអង្គបានព្រះរាជទានកញ្ចប់ឧបត្ថម្ភថវិការ ដែល ទទួលរ៉ាប់រងទាំងស្រុងលេីការចំណាយផ្សេងៗ ។
លោក សុះ កុំរី ក៏បានកោតសរសេីរពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅក្រុងហាណូយ លោក Dakhil R Al Johani ឯកអគ្គរាជទូត និងសហការី ជានិច្ចកាលតែងតែជួយជ្រោមជ្រែងនិង សម្រួលបញ្ហាផ្សេងៗ អោយដំណេីរការបានរលូន ជាពិសេសតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត បានធ្វេីអោយមានភាពងាយស្រួលច្រេីន លេីដំណេីរការប្រព្រឹត្តទៅនៃការបំពេញបែបបទការងារប្រារព្ឋពិធីបុណ្យហាជ្ជ ទាំងឯកជន និង ក្រោមជំនួយពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
លោក សុះ កុំរី ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ និងផ្តល់ដំណោះស្រាយលេីតម្រូវការផ្សេងៗជូនសហគមន៍ខ្មែរឥស្លាម ទាំងវិស័យអាណាចក្រ និង សាសនា ៕ សំរិត