ភ្នំពេញ៖ អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនី វង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់។
នេះបើតាមការឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់អោយដឹងក្រោយបញ្ចប់កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៨ កញ្ញា ក្រោមអធិបតីភាព លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជាមួយតំណាងក្រុមហ៊ុនOCICនិងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី. បានអោយដឹងថា៖ កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ ដោយលោកបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ ពោលគឺនៅរក្សាតែ ស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម ។
ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែនៅស្ពានអាកាសក្បាលថ្នល់ននេះត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់ មានចំនួនទឹក ប្រាក់ច្រើនលើសលប់ពេករហូតដល់រាប់លានដុល្លាឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនី វង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមាន ជ័យនិងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់នេះតែម្តង។
លោកបញ្ជាក់ទៀតថា ៖គម្រោងនេះយើងបានសិក្សារួចហើយ ពោលគឺ នៅតែសុំគោលការសម្រេចពីរាជ រដ្ឋាភិបាលប៉ុណ្ណោះ ។ក្រោយពីមានការសម្រេចពីរាជរដ្ឋាភិបាលហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានតែម្តង ។ លោកបញ្ជាក់ថា៖ ក្រោយការស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រនេះរួចនឹងអាចដោះស្រាយការកកស្ទះនៅតំបន់ក្បាលថ្នល់នេះបានយ៉ាងរលូតជាក់ជាមិនខាន។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញអោយអាជ្ញាធរ ប៉ូលីសដាក់កម្លាំងដើម្បីសម្រួលចរាចរនៅ រង្វង់មូលចោមចៅដល់ ផ្លូវអូឌឹមកប់ស្រូវ ដើម្បីកុំអោយកកស្ទះចរាចរខ្លាំង ខណៈ ស្ពានអាកាសចោមចៅ គ្រោងនឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ ៕ សំរិត