ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវជ្រុលបុករថយន្តបោកក្បាលនឹងថ្នល់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមមួយរំពិច បន្ទាប់ពីជិះម៉ូតូទៅបុកនឹងរថយន្តដឹកកម្មកររោងចក្រ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៣ លេខ៩៤ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

លោក ញែម ឈន អធិការរងស្រុកទ្រាំងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សំអុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ឆ្លាម ពណ៍ក្រហម ពាក់ស្លាខលេខតាកែវ1H.7313 បានបើកមកពីទិសខាងត្បូងទៅជើងរេពេញផ្លូវទំនងជាស្រវឹង ស្រាប់តែមកដល់កន្លែងកើតហេតុជនរងគ្រោះបានរេចង្កូតទៅខាងឆ្វេងដៃបុករថយន្តចំពីមុខផ្នែកខាងស្តាំពេញទំហឹងដែលបើកមកពីជើងទៅត្បូង(ទិសច្រាស់គ្នា)បណ្តាលឲ្យបោកក្បាលផ្ទុបនឹងគែមរថយន្តបែកធ្លាយខួរ ស្លាប់ភ្លាមមួយរំពិច។

ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្មោងស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អ្នកបើកបរ រថយន្តឈ្មោះណុប ណាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ប្រផេះ គ្មានស្លាកលេខ ជារថយន្តដឹកកម្មកររោងចក្រ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្ត រួមនឹងវត្ថុតាងត្រូវបានសម្ថកិច្ចយកទៅរក្សាទុក និងឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមច្បាប់ ៕ ភ្នំដា


ចែករំលែក៖