ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនបរទេសត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ទម្រាំសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់មកដល់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ហើយបាននាំគ្នាវាយឡើងទ្រមខ្លួន ទម្រាំសមត្ថកិច្ចខណ្ឌទន្លេបាសាក់មកដល់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសម្នាក់មិនបានសម្រេច ចំណែកម្នាក់រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារអ៊ីអន ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លឹម លីហួរ ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្វីណូ ពណ៌ខៀវ ពាក់ស្លាកលេខ1BC.9427  តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវ តែឆក់មិនសម្រេចត្រូវ ជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក៏បាននាំគ្នាដេញតាមពីក្រោយរហូតធ្វើឲ្យជនសង្ស័យភ័យបានជិះម៉ូតូទៅបុកនិងរ៉ឺកម៉កលក់បបរបណ្ដោយឲ្យដួលទើបចាប់ខ្លួនបានម្នាក់ភ្លាមៗតែមង្តរួចក៏នាំគ្នា វាយអ្នកមួយដៃអ្នកមួយជើងឡើងទ្រមខ្លួនទើបប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចំណែកម្នាក់រត់គេចខ្លួនបាត់សម្រោល។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើរកឃើញថ្នាំញៀនមួយកញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖