ព័ត៌មានទាន់ហេតុការណ៍៖

អាវុធគីមីត្រូវបានរដ្ឋាភិបាលស៊ីរីប្រើប្រាស់ជិត៣០លើកនៅក្នុងសង្គ្រាមចាប់តាំងពីឆ្នាំ២០១១

ចែករំលែក៖

អាវុធគីមីត្រូវបានហាមប្រាមប្រើប្រាស់នៅក្នុងសង្គ្រាមគ្រប់រូបភាព ដោយសារតែវាបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃពិសេស គឺពលរដ្ឋស្លូតត្រង់ស្ត្រី និងកុមារ ។

ប៉ុន្តែនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម បះបោរនៅក្នុងប្រទេសស៊ីរី កម្លាំង ទាហានរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមីដែលមានសារធាតុ ឧស្ម័ន សារាំុង វាយប្រហារកាលពីថ្ងៃទី ៤ខែមេសាឆ្នាំ ២០១៧ ធ្វើឲ្យលោកត្រាំ ត្រូវវាយបកវិញ ដោយ មីស៊ីល៥៩ដើមទៅលើទីតាំងទាហាន អាកាសរបស់ស៊ីរី។ គិតចាប់តាំងពីសង្គ្រាមស៊ីរីចាប់ផ្តើម តាំងពីឆ្នាំ២០១១មកទល់ ពេលនេះ ទាហានស៊ីរីបានប្រើប្រាស់អាវុធគីមីដល់ទៅ២៧លើក។

អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍អង្កេតរបស់ខ្លួន បង្ហាញឲ្យ ឃើញថា ទាហានស៊ីរី បានប្រើប្រាស់អាវុធគីមីជាច្រើនលើក។ គណៈកម្មការអង្កេត បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកអាល់អាសាដ បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម។នេះ គឺជាលើកទីមួយហើយដែលអង្គការសហប្រជាជាតិបានចង្អុល មុខជនប្រើអាវុធ គីមីដោយចំៗយ៉ាងដូច្នេះ។ នៅក្នុងរបាយការណ៍ ក្រុមអ្នកអង្កេតបាន ផ្តល់សេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថានៅថ្ងៃទី ៤ មេសា កងទ័ពអាកាសស៊ីរី បានបើកការវាយប្រហារដោយប្រើអាវុធគីមី សារាំុង សម្លាប់មនុស្សអស់៨០នាក់ នៅ តំបន់Khan Cheikhoun នៃខេត្តអ៊ីដលីប Idlib។ មិនមែនជាការទម្លាក់គ្រាប់បែកប៉ះចំឃ្លាំងស្តុកអាវុធគីមីរបស់ ពួកឧទ្ទាម ដូចអ្វីដែលរដ្ឋាភិបាលក្រុងដាម៉ាស់ឆ្លើយការពារខ្លួននោះឡើយ។

ជាមួយ នឹងការចោទប្រកាន់រដ្ឋាភិបាល ស៊ីរី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ព្រោះបានប្រើអាវុធគីមីរំលោភច្បាប់មនុស្សធម៌អន្តរជាតិ គណៈកម្មការអង្កេតនៃអង្គការសហប្រជាជាតិក៏បានចោទប្រកាន់កងទ័ពអាមេរិក ដែលមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការពារជីវិតជនស៊ីវិល នៅពេល ទម្លាក់គ្រាប់បែកលើវិហារអ៊ិស្លាមនៅខេត្តអាឡិប កាលពីខែមីនា។

សូមបញ្ជាក់ថា នេះជារបាយការណ៍ លើកទី១៤ហើយ គិតចាប់តាំងពីគណៈ កម្មការអង្កេត ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១១។ នៅក្នុងរបាយ ការណ៍ចុងក្រោយនេះ គណៈកម្មការកត់ត្រាឃើញមានការប្រើប្រាស់អាវុធគីមីចំនួន៣៣ដង ក្នុង២៧ដងជាស្នាដៃរបស់ទាហានរដ្ឋាភិបាលស៊ីរី និង ៧ដងនៅរវាងពីថ្ងៃទី ១ មីនាដល់ថ្ងៃទី ៧កក្កដា ២០១៧។

ក្រៅអំពីលទ្ធផលអង្កេតរបស់គណៈ កម្មការនេះ កាលពីចុងខែមិថុនា អង្គការហាមឃាត់អាវុធគីមីអន្តរជាតិក៏បានបញ្ជាក់រួចជាស្រេចថាពិតជា មានករណីប្រើ អាវុធគីមីសារាំុងមែន គ្រាន់តែមិនប្រាប់មុខ អ្នកធ្វើ។ គណៈកម្មការអង្កេតរបស់អង្គការសហប្រជាជាតិមួយទៀត សហការជាមួយអង្គការហាមឃាត់អាវុធគីមី នឹងផ្តល់លទ្ធ ផលអង្កេតរបស់ខ្លួនដែរនៅចុងខែតុលា ខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖