តាមរបាយការណ៍ របស់អង្គការពល កម្មពិភពលោក ILO( The international Labor Organization ) ដែលបានដាក់ បង្ហាញនៅក្នុងប្រទេសសិង្ហបុរី កាលពីពេល កន្លងមកថ្មីៗ ក្រោយកិច្ចប្រជុំអន្តរជាតិលើកទី២១ស្តីអំពីសុវត្ថិភាព និងសុខភាព ការងារ។ នៅក្នុងរបាយការណ៍ដែលបានប្រកាសនោះបង្ហាញឲ្យឃើញថា មាន មនុស្សស្លាប់ដោយសារការងារ មានរហូតដល់ទៅ២.៧៨០.០០០នាក់ក្នុងមួយឆ្នាំ។
សូមជម្រាបជូនថា រៀងរាល់៣ឆ្នាំម្តង អង្គការពលកម្មអន្តរជាតិតែងតែធ្វើបច្ចុប្បន្នភាពនៃបញ្ជីចំនួនមនុស្ស ស្លាប់ដោយសារ ការងារ ហើយគេសង្កេតឃើញថា ចំនួននេះតែងតែកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ។ នៅក្នុងឆ្នាំ២០១៦កន្លងមក គឺមាន អ្នកស្លាប់ដល់ទៅជិត៣លាននាក់ ហើយ បើគិតតាមវិនាទីវិញ គឺរាល់ ១៥វិនាទី មានស្លាប់អ្នកធ្វើការងារម្នាក់ដោយគ្រោះថ្នាក់ ឬមួយដោយជំងឺពាក់ព័ន្ធនឹងការងារ ហើយ បើគិតជាសរុបក្នុង១ឆ្នាំៗ គឺមានស្លាប់ចំនួន ២លាន ៧សែន ៨ម៉ឺននាក់នៅទូទាំងពិភព លោក ។
កត្តាដែលជំរុញឲ្យមានអ្នកស្លាប់ច្រើន កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារ តែ មិនគោរពច្បាប់សុវត្ថិភាពការងារ ក៏ដូច ជាធ្វើការលើសកំណត់ ។ ភាគច្រើន កើតឡើងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលមាន កម្មករ ពលករទទួលបានប្រាក់ ខែតិច ត្រូវបង្ខំចិត្តធ្វើលើសម៉ោង ក៏ដូចជានៅតំបន់ដែលមានគ្រោះថ្នាក់ខ្ពស់។
ក្នុងឆ្នាំ ២០០០ ចំនួនមនុស្សស្លាប់ ដោយការងារមាន ២លាននាក់ ហើយ កាលពី ៣ឆ្នាំមុន ចំនួននេះបានកើន ដល់ទៅ ២លាន ៣សែននាក់។ បច្ចុប្បន្ន នៅក្នុងចំនួនមនុស្សស្លាប់ដោយការងារ មានជាងពាក់កណ្តាលស្លាប់ដោយជំងឺពាក់ព័ន្ធនឹងការងារ ហើយមហារីកជាជំងឺស្ថិតនៅ លំដាប់ទី១ ក្នុងចំណោមជំងឺទាំងអស់។ ជំងឺមហារីកនេះបានកើតចេញជាពិសេសពីការស្រូបល្អងធូលីជាតិគីមី បង្កប់នៅក្នុងគ្រឿងសំណង់អគារដែលក្រុមហ៊ុនសាងសង់ប្រើ ដូចយ៉ាងដំបូលផ្ទះធ្វើពីស៊ីម៉ងត៍ជាដើម។
តាមរបាយការណ៍ វិស័យដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដោយគ្រោះថ្នាក់ការងារ ឬដោយជំងឺពាក់ព័ន្ធនឹងការងារមានវិស័យកសិកម្ម និងវិស័យសាងសង់។ យ៉ាងណាក៏ដោយ ទិន្នន័យនៃការស្លាប់ មនុស្សដោយការងារមានការខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ និងពីប្រទេសមួយទៅ ប្រទេសមួយ។ ជាក់ស្តែងនៅអឺរ៉ុប ចំនួន មនុស្សស្លាប់ដោយគ្រោះថ្នាក់ការងារ ឬដោយជំងឺពាក់ព័ន្ធនឹងការងារមានជាង ២០០.០០០នាក់ក្នុងមួយឆ្នាំៗ ចំណែក នៅអាស៊ីមាន ១លាន ៥សែននាក់៕ ម៉ែវ សាធី