ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ចូលពេទ្យ ម្នាក់ចូលគុក ក្រោយផឹកស៊ីទាស់សម្តីផ្ទុះអំពើហិង្សា

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះលក់ពោះគោទឹកប្រហុក និងរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ដូចជានគរបាលក្រុងស្វាយរៀង​ខណៈដែលផឹកស៊ីស្រវឹងរួចទាស់សំដីជាមួយមិត្តភក្តិបង្កជាអំពើហិង្សាដោយយកកែវវាយក្បាលយ៉ាងសន្ធាប់បណ្ដាលឲ្យហូរឈាមជោគខ្លួនកាលពីវេលាម៉ោង៥រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចហាងជ្ទះលក់ពោះជ្រួក ស្ថិតក្នុងភួមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលប្រើហិង្សាត្រូវឃាត់ខ្លួនមានឈ្មោះ សូ ដារ៉ាវីឡា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសមានឈ្មោះសារី ឧត្តមបញ្ញា អាយុ ១៨ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ដោយរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ប្រភបបន្តថា មុនកើតហេតុមានបុរស២នាក់បានចូលផឹកស៊ីនៅហាងលក់ពោះគោទឹកប្រហុកមួយកន្លែង បន្ទាប់មកប្រមាណជាមួយម៉ោងស្រាប់តែទាស់សំដីគ្នាយ៉ាងខ្លាំង ខណៈស្រវឹងស្រាផង ស្រាប់តែជនសង្ស័យបានស្ទុះយកកែវក្បែរខ្លួនមកវាយក្បាលទៅលើជនរងគ្រោះជាច្រើន បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍តែម្ដង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖