ខេត្តកណ្តាលៈ បុរសស្ត្រី២នាក់ឪពុកកូនត្រូវបានរថយន្តបើកកិន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសស្ត្រី២នាក់ឪពុកកូននេះជិះម៉ូតូឌុបគ្នាប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកទៅលើផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ឈ្មោះ សំ ឡេន ភេទស្រី អាយុ៣៦ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) បច្ចុប្បន្នស្នាក់នៅភូមិត្រយ៉ឹង ឃុំពើក ស្រុកអង្គស្នួល បុរសជាឪពុកឈ្មោះ សំ អ៊ីង ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ ជនរងគ្រោះទាំង២នាក់ឪពុកកូនជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY -9113 ។ ចំណែកឯរថយន្តដែលកិនជនរងគ្រោះស្លាប់នោះបើករត់គេចបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ។ លុះជិះដល់ចំណុចកើតហេតុក៏បានប៉ះដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាតមកលើផ្លូវស្របពេលនោះក៏មានរថយន្តធុនធំបើកមកដល់ជាន់ហ្វ្រាំងមិនជាប់កិនពីលើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលចរាចរណ៍ បានធ្វើការចុះវាស់វែងនៅកន្លែងកើតហេតុ ដកហូតម៉ូតូបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសាកសពជនរងគ្រោះប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចសន្និដ្ឋានថា ករណីខាងលើនេះ បណ្ដាលមកពីជនរងគ្រោះជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូជិះស្របទិសគ្នា ដួលខ្ទាតមកលើផ្លូវស្របពេលនោះក៏មានរថយន្តធុនធំបើកមកដល់ជាន់ហ្វ្រាំងមិនជាប់ក៏កិនពីលើជនរងគ្រោះទាំង២នាក់តែម្តង ៕ស្អាងជ័យ