ខេត្តកណ្តាលៈ បុរសម្នាក់បានព្យាយាមបើកម៉ូតូរបស់ខ្លួនឡើងជែងរថយន្តនៅខាងមុខក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹង ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានព្យាយាមបើកគេចចូលទៅក្នុងភូមិ ត្រូវបានសមត្ថកិច្ចតាមឃាត់បានរថយន្តខណៈដែលអ្នកបើកបរចុះគេចខ្លួនបាត់ ។ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2H-3631 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជិវិតនោះឈ្មោះ ងន ផាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាMSX ពណ៌ខ្មៅលាយក្រហម ភ្នំពេញ1FG-6940 ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះបើកដល់ចំណុចកើតហេតុជនរងគ្រោះបានព្យាយាមបន្ថែមល្បឿនឡើងជែងរថយន្តនៅខាងមុខ ខណៈជែងមិនផុតក៏ជ្រុលទៅបុកជាមួយរថយន្តកាមរីឆ្លាមបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង ។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ