ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីរាយខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀត បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើកមួយបន្ទាប់ពីបុរសម្នាក់បានរាយខ្សែរភ្លើងឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ែន​ ហន​ ហៅគួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយអ្នករួមការងារជាមួយគ្នាម្នាក់ទៀត បាននាំគ្នារាយខ្សែភ្លើងដើម្បីឆក់ត្រីយកធ្វើម្ហូប ដោយបានតខ្សៃភ្លើងចេញពីសំណង់ផ្ទះល្វែងដែលកំពុងសាងសង់មួយស្ថិតនៅ ចម្ងាយប្រមាណជាង៣០ម៉ែត្រពីទឹកថ្លុកកន្លែងកើតហេតុនោះ។

នៅក្នុងខណៈនោះមិនទាន់បានឆក់នៅឡើយទេ ទើបតែរាយខ្សែនិង អូសទៅដល់ទឹកថ្លុកស្រាប់តែឆក់បណ្ដាលឲ្យគាត់ដួលប្រកាច់នៅក្នុងទឹកជម្រៅត្រឹមជង្គង់ សន្លប់ស្ដូកស្ដឹងហើយភ្លាមៗនោះបុរស ម្នាក់ទៀតដែលជាអ្នកឆក់ត្រីជាមួយគ្នាបានរត់ទៅដកឌូយចេញពីព្រីភ្លើង និងបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយលើកជន រងគ្រោះឡើងគោកសង្គ្រោះបឋមនិងប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែហួសពេលទៅហើយព្រោះជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ត្រពាំងក្រសាំង បានចុះទៅកាន់កនកលែងកើតហេតុពិនិត្យ កោសល្យវិច័យសាកសព ហើយបានឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គីសនីឆក់ពិតមែន ទើបប្រគល់សាក សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖