ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេប្រទះឃើញគ្រាប់បែកមួយគ្រាប់ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូហុងដាស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BE-7901 ត្រូវជនមិនស្គាល់មុខយកទៅប្លុង ចោល នៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឲ្យក្រុម សន្តិសុខយាមម៉ូតូ នៅក្នុងមន្ទីរពេទ្យនោះប្រកូកប្រកាសតាម វិទ្យុទាក់ទងផ្អើលដល់អាជ្ញាធរមូលដ្ឋាន ទៀតផង។
យ៉ាងណាក៏ដោយករណីនេះ ត្រូវបាន អគ្គស្នងការនគរបាលជាតិបើកការ ស៊ើប អង្កេតភ្លាមៗនិងរកឃើញថា ពុំមែនជាករណី ដាក់បង្កៃឲ្យផ្ទុះឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនោះទេ គឺ ជាករណី កាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់ ប៉ុណ្ណោះ ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ រងនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា
ករណីមានគ្រាប់បែក១គ្រាប់នៅកន្លែងផ្ញើ កង់ម៉ូតូក្នុងមន្ទីរពេទ្យជោរៃនោះមិនមែនជា ការដាក់បង្កៃឲ្យផ្ទុះ នោះទេ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានឲ្យដឹងពីដំណើរដើមទងក្នុងរឿងនេះថា “តាមការស្រាវជ្រាវជំហានដំបូង គឺមានម្ចាស់ ម៉ូតូម្នាក់ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែកទៅទុកនៅបន្ទាយខាងលិចខេត្តកំពង់ស្ពឺ ម្តុំត្រែង ត្រយឹង ក្នុងស្រុកកំពង់សិលាវិញ ប៉ុន្តែដោយ សារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរៃ ម្ចាស់ ម៉ូតូក៏បានដាក់គ្រាប់បែកនៅក្នុងខ្លុបម៉ូតូ ហុងដាស្គូពី ហើយដោយសារប្រញាប់ចូលទៅមើលឪពុកឈឺក្នុងមន្ទីរពេទ្យនេះ ក៏យក ម៉ូតូទៅផ្ញើ តែមិនបានដកសោម៉ូតូចេញទេ។ពេលនោះបុគ្គលិកសន្តិសុខ ដែលយាមការ ពារនៅមន្ទីរពេទ្យបានយកសោម៉ូតូទៅចាក់ បើកឃ្លុបម៉ូតូ ដើម្បីឆែកមើលក្រែងលោមានអីវ៉ាន់អ្វីប្លែកក៏ឃើញមានថង់មួយរួចយួរថង់ នោះដើរចេញឆ្ងាយពីម៉ូតូទៅឆែកមើល។ ស្រាប់តែឃើញគ្រាប់បែក១គ្រាប់ហើយភ័យពេកក៏យកទៅទម្លាក់ចោលនៅក្បែរម៉ូតូ វិញ។
បន្ទាប់មកបុគ្គលិកសន្តិសុខរូបនេះបានស្រែកឆោឡោថា រកឃើញគ្រាប់បែកគេ ដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើល តែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ ហើយយកគ្រាប់បែកនោះមករក្សា ទុក។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា សរុបមកវិញករណីនេះមិនមែន ជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យជោរៃនោះទេ” ព្រោះសមត្ថកិច្ចបានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខដើម្បីមកបំភ្លឺនិងស៊ើប អង្កេតដឹងច្បាស់បែបនេះទៅហើយ៕ ប្រាថ្នា