ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២ក្រុមនៅផ្ទះជាប់គ្នាបើកឆាកប្រយុទ្ធបណ្តាលឲ្យរបួសធ្ងន់និងស្រាល៥នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៥នាក់របួសធ្ងន់ស្រាលបន្ទាប់ពីពួកគេបានបើកឆាកប្រយុទ្ធគ្នាទៅ វិញទៅមកបង្កឲ្យភ្ញាក់ផ្អើលកាលពីកាល​ពី​វេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយ​ផ្លូវ​បេតុង ចូលទៅវត្តអរុណវតី ស្ថិតនៅភូមិ-សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបាននគរបាលឃាត់ខ្លួនបានម្នាក់។

មន្ត្រីនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឲ្យដឹងថា គូទំនាស់ទាំង២គ្រួសារ ភាគីទី១​មានគ្នាចំនួន៣នាក់ ក្នុងនោះមានទី១-ឈ្មោះ​​ កូវ រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាក្មួយ ដែលទាំង២នាក់នេះរងរបួសធ្ងន់ធ្ងរ និង​ទី៣-ឈ្មោះ កេត គីមផេង ភេទប្រុស អាយុ ជាង២០ឆ្នាំ ត្រូវជាក្មួយ នគរបាលចាប់ខ្លួន។

ដោយឡែកភាគីទី២មានគ្នា៣នាក់ ដូចគ្នា ក្នុងនោះមានទី១-ឈ្មោះសុខ ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ, ទី២-ឈ្មោះ សុខ ចាន់ភួង ភេទប្រុស អាយុ២១ឆ្នាំ ទាំង២ នាក់នេះរងរបួសធ្ងន់ និងទី៣-ឈ្មោះចក់ បញ្ញា ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន។ ទាំងពីរភាគីនេះ មានទីលំនៅផ្ទះ ជាប់គ្នា ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែលបានឲ្យដឹងថា គូទំនាស់ ទាំងគ្រួសារនេះធ្លាប់មានទំនាស់វាយគ្នា និង ធ្លាប់បានប្ដឹងផ្ដល់គ្នា ដល់ប៉ុស្ដិ៍នគរបាល រដ្ឋបាល ត្រពាំងក្រសាំង ម្ដងរួចមកហើយនិង ទើបតែចប់ប៉ុណ្ណោះតែពួកគេមិនបានគោរពកិច្ចសន្យាបញ្ចប់រឿង ដែលបានធ្វើនៅប៉ុស្ដិ៍ នគរបាលឡើយ។ ផ្ទុយទៅវិញពួកគេនៅតែបង្ករឿងទំនាស់វាយកាប់ចាក់គ្នាបែបនេះ ទៀត។ មិនតែប៉ុណ្ណោះម្ខាងៗបានប្រកែក យកតែត្រូវរៀងៗខ្លួនដោយភាគីទី១ បាន ចោទប្រកាន់ទៅភាគីទី២ថា តែងតែបានបង្ករឿងឈ្លោះទាស់គ្រប់ពេល ហើយនៅមុន ពេលកើតហេតុភាគីម្ខាងទៀត បានមករករឿងនិងបានប្រើកាំបិតបុ័ងតោកាប់ទៅលើ ពួកគេមុន បណ្ដាលឲ្យរងរបួសម្នាក់ដួលដេកនៅក្នុងថ្លុកឈាមទើបពេលនោះមានការ តបតទៅវិញ បណ្ដាលឲ្យរងរបួសទាំងសង ខាងតែម្ដង។

ប្រភពខាងលើបានបន្តទៀតថា ដោយ ឡែកភាគីទី២បាននិយាយថា កន្លងមក ភាគីទី ១បានតាមវាយពួកគេមុនម្ដងរួចមក ហើយ លុះដល់ថ្ងៃកើតហេតុចុងក្រោយនេះ នៅពេលដែលពួកខ្លួនជិះម៉ូតូដល់មុខផ្ទះ និយាយទូរស័ព្ទដោយមិនដឹងខ្លួន ស្រាប់តែ​ភាគីទី១ បានស្រែកជេរនិងរករឿងទើបមានទំនាស់រហូតវាយកាប់ចាក់គ្នាទៅវិញទៅមកបែបនេះតែម្ដង។

មន្ត្រីនគរបាលបានបន្តថា ភាគីទាំង២ នេះមានផ្ទះជាប់សំយាបគ្នា ប៉ុន្តែមិនបាន យោគយល់គ្នា ហើយតែងបង្កទំនាស់ជា មួយគ្នាជាបន្តបន្ទាប់ ហើយរហូតឈានដល់ វាយតប់គ្នាម្ដងរួចមកហើយ។ជាងនេះទៀតធ្លាប់បានប្ដឹងផ្ដល់គ្នាដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងថែមទៀតផង។ ក្រោយ មកបានដោះស្រាយចប់រឿងហើយ ប៉ុន្តែ​គំនុំចាស់នៅតែមិនទាន់រសាយ ទើបពេលនេះបានកើតឡើងម្ដងទៀតហើយធ្ងន់ធ្ងរជាមុន។ មិនតែប៉ុណ្ណោះនៅពេលនគរបាល បាលប៉ុស្ដិ៍ទៅដល់ឃាត់ហើយក៏ពួកគេមិនស្ដាប់ទេគឺនៅតែវាយកាប់ចាក់គ្នាទៀតរហូតមានរបួសទាំងសងខាងបែបនេះ។ ពេលនេះសំណុំរឿងនឹងត្រូវបញ្ជូនទៅកាន់ផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នាតែម្ដងលែងដោះស្រាយ នៅប៉ុស្ដិ៍ទៀតហើយ។ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះរៀងៗខ្លួន៕ សុខាសែនជ័យ


ចែករំលែក៖