កណ្ដាល៖មជ្ឈដ្ឋានមួយចំនួន នៅតែមានមន្ទិលសង្ស័យជុំវិញការអនុវត្តច្បាប់ ពាក់ព័ន្ធបទល្មើសគ្រោះថ្នាក់ចរាចរ ។ ពួកគេ ងឿងឆ្ងល់ ថា ហេតុអ្វី ? ជនបង្កបើករថយន្តបុកកង់បណ្ដាលឱ្យក្មេងប្រុសអាយុ៩ឆ្នាំស្លាប់និងរបួសក្មេងស្រីអាយុ១៣ឆ្នាំ ត្រូវលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ដោះលែង តែបែរជាយុវជនម្នាក់បើករថយន្តបុកម៉ូតូស្លាប់បុរសម្នាក់ ត្រូវតុលាការឃុំខ្លួនទៅវិញ ។
ទោះបីយ៉ាងណា អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះ អះអាងថា បើទោះជាការបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យមនុស្សស្លាប់ដូចគ្នាមែន តែអាចស្ថិតក្រោមស្ថានភាពខុសគ្នា ទើបតុលាការខេត្តកណ្ដាល សម្រេចខុសគ្នាបែបនេះ ។
លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ សម្រេចដោះលែងបុរសចំណាស់ម្នាក់ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឱ្យក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ស្លាប់ និង ក្មេងស្រីអាយុ១៣ឆ្នាំរងរបួសស្រាលឱ្យមានសេរីភាពឡើងវិញ ។ របាយការណ៍ប៉ូលិស បង្ហាញថា បុរសចំណាស់រូបនេះ ជាន់ហ្គែររថយន្តច្រឡំថាជាហ្វ្រាំង ទើបជ្រុលបុកជនរងគ្រោះ ។
ប្រភពព័ត៌មាន បង្ហើបឱ្យដឹងថា ការសម្រេចដោះលែងនេះ បន្ទាប់ពីគ្រួសារសពព្រមទទួលសំណងជាថ្នូរនឹងការដកពាក្យបណ្ដឹង ។ ប៉ុន្តែអ្នកច្បាប់មួយរូប អះអាងថា សំណងរដ្ឋប្បវេណី ពុំអាចធ្វើឱ្យបណ្តឹងអាជ្ញា រលត់នោះទេ ។
មាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា”ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល”។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩និង២០ មុខផ្សារគគីរ ភូមិគគីរ ឃុំដីឥដ្ឋ មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដែលបង្កដោយឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះពីរនាក់ឈ្មោះ ហុក ឆាយហេង ភេទប្រុសអាយុ៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង ឈ្មោះ ហុក ណាលីស ភេទស្រី អាយុ១៣ឆ្នាំ រងរបួសស្រាល ។
នគរបាលបញ្ជាក់ថា ជនបង្កបើករថយន្តម៉ាក តូយ៉ូតាហាយឡែនឌើរ ពណ៌ទឹកមាស ប្រភេទទេសចរណ៍ពាក់ផ្លាកលេខ ភ្នំពេញ2AC-0667 ទិសដៅពីភ្នំពេញទៅអ្នកលឿង។
ពេលបើកមកដល់ចំណុចកើតហេតុ បានឈប់អែបខាងស្តាំឱ្យអ្នករួមដំណើរចុះទិញសម្ភារៈ ពេលកំពុងឈប់ភ្លេចដោះលេខក៏លែងជើង ជាន់ហ្គែរច្រឡំថាជាហ្វ្រាំង ជ្រុលបុកជនរងគ្រោះតែម្តង ។
នគរបាល សន្និដ្ឋានថា បញ្ហាគ្រោះថ្នាក់ចរាចរ គឺបណ្ដាលមកពីជនបង្កបើកបរខ្វះការប្រុងប្រយ័ត្ន។
ករណីផ្សេងមួយទៀត យុវជនម្នាក់ដែលបើករថយន្តបុកម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យត្រូវបានលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ”បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ”តាមមាត្រា៨៥ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវលេខ២១ ក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាមានរថយន្តម៉ាកម៉នីង ពណ៌ក្រហម ពាក់ផ្លាក់លេខភ្នំពេញ2AQ- 4579 អ្នកបើកបររថយន្ត ឈ្មោះប៊ិច ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទេពអកជូនឃុំកោះខែលស្រុកស្អាងល បានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GI-2149 បើកបរ មិនទាន់ស្គាល់អត្តសញ្ញាណដែលកំពុងធ្វើដំណើរក្នុងទិដៅពីត្បូងមកជើង បណ្តាលឱ្យដួលដាច់ដៃ-ដាច់ជើងនិងបោកក្បាលស្លាប់ភ្លាមៗតែម្ដង។ចំណែករថយន្តបានជ្រុលទៅបុករថយន្តដែលចតចោលនៅមុខផ្ទះបណ្ដាលឱ្យខូចខាតចំនួន២គ្រឿងទៀត ៕ចេស្តា