ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្របួចជនសង្ស័យម្នាក់ ខណៈណាត់គ្នាទិញថ្នាំញៀនតាមទូរស័ព្ទ

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពណាត់គ្នាទិញថ្នាំញៀនតាមទូរស័ព្ទត្រូវនគរបាលស្រុកពញាឮបង្ក្រាបចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានក្រាំងពន្លៃ ស្ថិតក្នុងភូមិភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ណា វី ហៅវី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំង ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនចំនួន៣កញ្ចប់តូចនិងទូរស័ព្ទដៃ១គ្រឿងផងដែរ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យឈ្មោះ ណា វី ហៅវី បានធ្វើសកម្មភាពនិយាយទូរស័ព្ទណាត់គ្នាដើម្បីទិញថ្នាំញៀន ភ្លាមនោះសមត្ថកិច្ចស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារលួង ចុះធ្វើការស្រាវជ្រាវពួនស្ទាក់បង្ក្រាបចាប់ខ្លួន ខណៈដែលជនសង្ស័យត្រឡប់មកពីទិញថ្នាំញៀនវិញ រួចធ្វើការឆែកឆេររហូតរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចនៅនឹងខ្លួនជនសង្ស័យ ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ថ្នាំញៀនដែលខ្លួនបានយកមកលក់នេះ គឺទិញមកពីជនមិនស្គាល់អត្តសញ្ញាណនៅរាជធានីភ្នំពេញ ដោយយកមកលក់បន្ត ក្នុងមួយកញ្ចប់តូចតម្លៃ៣ម៉ឺនរៀល៕ ស្អាងជ័យ


ចែករំលែក៖