ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃផ្លែស្វាយ១គីឡូក្រាម១.០០០រៀលដែលធើ្វឲ្យកសិករសប្បាយចិត្ត

ចែករំលែក៖

ខេត្តព្រៃវែង៖ កសិករនៅស្រុកពារាំងខេត្តព្រៃវែងបាននិងកំពុងសប្បាយរីករាយ ព្រោះតម្លៃផ្លែស្វាយបានឡើងថ្លៃដល់ទៅ១គីឡូក្រាម១.០០០រៀល ខណៈតម្លៃនៅខែ មុនៗ១គីឡូក្រាម តែ៣០០រៀល ទៅ​៥០០ រៀលប៉ុណ្ណោះ។

ជាមួយគ្នានោះក្រុមឈ្មួញកណ្ដាល ដែលដើរទិញផ្លែស្វាយបានបញ្ជាក់ថា ផ្លែស្វាយសព្វថ្ងៃគឺថៅកែធំៗបានដឹកទៅលក់នៅប្រទេសវៀតណាម និងប្រទេសថៃ ម្យ៉ាងវិញទៀតខែនេះ គឺស្វាយខុសរដូវ ទើបតម្លៃឡើងខ្ពស់គួរសម។

លោក អ៊ឹម វឿន រស់នៅភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ថា សព្វថ្ងៃក្រុមគ្រួសារលោក បានទទួលផលពីផ្លែស្វាយជាបណ្ដើរៗ ហើយទៅតាមចម្ការខ្លះៗ ដែលផ្លែមុន ឬផ្លែក្រោយ។ ជាមធ្យមសម្រាប់ដីមួយ ហិកតាគឺគេដាំដើមស្វាយបាន៣០០ដើម ក្នុងមួយឆ្នាំយើងទទួលផលបានពីរដង គឺនៅខែមេសាដល់ឧសភាម្ដង លុះដល់ខែ កញ្ញា និងខែតុលា យើងទទួលផលម្ដង ទៀត ដោយក្នុង១ហិកតា បើយើងសរុប ទាំង២លើក អាចបានផលជាមធ្យមស្មើ ៣០តោន ក្នុងមួយឆ្នាំ។

លោកបានបន្តថា សម្រាប់ពេលនេះ លោករីករាយនឹងក្នុងការប្រមូលផល ដោយសារលក់បានតម្លៃខ្ពស់គួរសមមិន ដូចខែមុនៗពេលផ្លែស្វាយជន់គឺតម្លៃចុះថោកស្ទើរតែគ្មានអ្នកទិញធ្វើឲ្យម្ចាស់ចម្ការ និងអ្នកម៉ៅចម្ការយកមកធ្វើថ្នាំថែទាំយកផ្លែប្រឈមនឹងការខាតបង់ប៉ុន្តែពេលនេះ មានសង្ឃឹមវិញហើយ ព្រោះតម្លៃផ្លែស្វាយឡើងដល់១.០០០រៀល ក្នុង១គីឡូក្រាម។

អ្នកស្រី កេង ចន្ថា អ្នកស្រុកពារាំង និងជាឈ្មួញកណ្ដាលដើរទិញផ្លែស្វាយ បានឲ្យដឹងថា រាល់ថ្ងៃនេះគាត់តែងតែដើរទិញផ្លែស្វាយជាប្រចាំខួបប្រាំងខួបវស្សា ដោយទិញផ្លែស្វាយពីចម្ការរបស់កសិករ យកទៅលក់នៅភ្នំពេញជួនអ្នកស្រីដឹក ទៅលក់ដល់វៀតណាមតែម្ដង។ អ្នកស្រី បានបញ្ជាក់ថា សព្វថ្ងៃគាត់ទិញផ្លែស្វាយ១គីឡូក្រាមតម្លៃ១.០០០រៀល រួចដឹកយក​ទៅល​ក់នៅផ្សារនាគមាសបាន​១.១៥០​រៀល ក្នុង១គីឡូក្រាម ។

ពោលគឺការប្រមូលផលផ្លែស្វាយ ក្នុង ខែនេះគេហៅថា ស្វាយខុសរដូវ រីឯទិន្ន ផលដែលប្រមូលបានក៏មិនច្រើនដូចផ្លែស្វាយនៅក្នុងរដូវនោះទេ។ គ្រាន់តែវាមាន តម្លៃខ្ពស់គួរសម ខណៈផ្លែស្វាយមិនជន់ ដូចកសិករប្រមូលនៅខែមេសា ឧសភា ឡើយ៕ ហេង សូរិយា


ចែករំលែក៖