ព័ត៌មានទាន់ហេតុការណ៍៖

មុនភ្ជុំបិណ្ឌកាប់គេប៊ិះស្លាប់ ក្រោយភ្ជុំកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាមៈ យុវជន២នាក់ ជាជនដៃដល់កាប់បណ្ដាលឲ្យយុវជនម្នាក់ ប៊ិះដាច់ដៃ ទាំងសងខាងនិងផុតជីវិតកាលពីអំឡុងមុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃត្រូវកម្លាំងកងរាជ អាវុធ ហត្ថចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយរឹបអូសដាវមួយដើម និងម៉ូតូ មួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ឲ្យ​ដឹងថា កម្លាំងជំនាញមន្ទីរយុត្តិធម៌ បានឃាត់ ខ្លួនជនដៃដល់ចំនួន២នាក់ ទី១-ឈ្មោះ រិន ចាន់ណារា ហៅ ទិ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សេត សុមានី ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង២ មានទីលំនៅភូមិ បឹងកុក២ សង្កាត់បឹងកុក ក្រុងកំពងចាម ខេត្តកំពងចាម។

ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកបានដាវសាំមូរ៉ៃ១ដើម ទូរស័ព្ទ ចំនួន២គ្រឿង និងម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើ​សកម្ម ភាពកាប់ទៅលើជនរងគ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៧ ដែលជាថ្ងៃបិណ្ឌ១៤ មុនភ្ជុំធំមួយ ថ្ងៃ នៅចំណុចផ្លូវលំជើងភ្នំហាន់ជ័យ ស្ថិត​នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជនសង្ស័យទាំង២នាក់បាន កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វីនលី ហៅ ឌឿង ភេទប្រុស អាយុ១៧ឆ្នាំ មានទី​លំនៅភូមិទី៧ សង្កាតកំពង់ចាម ក្រុងកំពង់ ចាម ខេត្តកំពងចាម បណ្តាលឲ្យរងរបួសជា ទម្ងន់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាដើរលេង។

បច្ចុប្បន្ន ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ សហការី


ចែករំលែក៖