ពិធីតាំងពិព័រណ៍ អាកាសចរណ៍យោធាបានរៀបចំឡើងនៅក្នុងប្រទេសអ៊ីតាលី ទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចូលរួមដើម្បីបង្ហាញផលិតផលរបស់ខ្លួន។ ជាទូទៅនៅក្នុងពិធីតាំងពិព័រណ៍ តែងតែមានការហោះហើរសម្តែង បង្ហាញពី សមត្ថភាព ហោះហើររបស់ខ្លួនឲ្យអតិថិជនបានឃើញ។
នៅក្នុងការហោះហើរសម្តែង យន្តហោះយោធាមួយគ្រឿង បានជួបឧបទ្ទវហេតុនៅពេលដែលខ្លួនកំពុងបង្ហាញសមត្ថភាពហោះហើរ នៅក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅអ៊ីតាលី ហើយបានបណ្តាលឲ្យអ្នកបើកបរយន្តហោះម្នាក់ស្លាប់ផង។
យន្តហោះយោធាមួយគ្រឿងនេះ បានធ្លាក់នៅពេលដែលកំពុងហោះពីលើសមុទ្រ និងធ្លាក់ចូលទៅក្នុងទឹកភ្លាមៗ ។ ក្រុមការងារជួយសង្គ្រោះ ក្រោយទទួលបានដំណឹង ក៏បានចាប់ផ្តើមធ្វើការងារ របស់ខ្លួន រហូតដល់ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទើបអាចរកឃើញ សាកសពរបស់អ្នកបើកបរយន្តហោះ ។
គួរបញ្ជាក់ថា នៅក្នុងតាំងពិព័រណ៍យន្តហោះ ដ៏ធំនៅក្នុងទីក្រុងTerracinaនេះ មានការចូលរួមពីសំណាក់ មនុស្ស រាប់ពាន់នាក់ និងមានការបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាស របស់អ៊ីតាលីជាច្រើន ប្រភេទផងដែរ។
ពិធីតាំងពីព័រណ៍ អាកាសចរណ៍យោធា តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងពេលដែលស្ថានភាពនៅលើពិភពលោក ប្រឈមមុខតានតឹងដាក់គ្នា ក្នុងនោះមានវិវាទព្រំដែន ជាហេតុធ្វើឲ្យប្រទេសជាច្រើនចាំបាច់ត្រូវបង្កើនសមត្ថភាពការពារខ្លួន និងធ្វើសង្គ្រាមប្រឆាំងការឈ្លានពាន៕ ម៉ែវ សាធី