ព័ត៌មានទាន់ហេតុការណ៍៖

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សវនាការ​គ្មាន​វត្តមាន​លោក​ កឹម​ សុខា​ ,​ កងកម្លាំង​ប្រមូល​ផ្ដុំ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​

ចែករំលែក៖

ភ្នំពេញ​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ ចាប់​ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​គ្មាន​វត្តមាន​ជនត្រូវចោទ​ទេ​ ។​ ក្រុម​អ្នក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាឧទ្ធរណ៍​ ខណៈ​កងកម្លាំង​ជា​ច្រើន​កំពុង​ឈរ​ជើង​ក្នុង​គោលដៅ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​ ។

លោក​ សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក​កឹម​ សុខា​ ថ្លែង​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ឃុន​ លាង​ម៉េង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ អ៊ឹម​ សុផាត​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​នឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​”ក្បត់​ជាតិ​”។​

លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​”ក្បត់​ជាតិ​”ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​ ៕​ ចេស្តា


ចែករំលែក៖