ភ្នំពេញ ៖ ស្រី្តជាប្រពន្ធបានរងរបួយសបែកក្បាល ដោយសារបុរសម្នាក់យកកូនទៅផឹកស៊ីជាមួយហើយខឹងប្រពន្ធទូរស័ព្ទហៅឲ្យយកកូនមកផ្ទះវិញ បានយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធពីក្រោយបែកក្បាលហូរឈាមត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា៩និង២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលវាយក្បាលប្រពន្ធនឹងអង្រែបុកគ្រឿងនោះឈ្មោះ សំ កុសល អាយុ៤៥ឆ្នាំ មុខរបរជាអ្នកជំនួយការសង្កាត់ចោមចៅ២ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។រីឯប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ ស ស អ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកើតហេតុខាងលើ និងមាន មានកូន៣នាក់ ក្នុងនោះប្រុស២ ស្រី១ រស់ក្នុងបន្ទុក ។
តាមសម្តីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់បាន រៀបការជាមួយប្តីអស់រយៈពេល២០ឆ្នាំមកហើយនិងធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញាប់ណាស់ រហូតឈានដល់សុំលែងលះគ្នាទៀតផង តែ ប្តីគាត់មិនព្រមលែងលះឡើយ ។ លុះមកដល់ថ្ងៃកើតហេតុប្តីរបស់គាត់បានដឹកដៃកូនប្រុសអាយុ៦ឆ្នាំទៅដើរផឹកស៊ីជាមួយ រហូតដល់យប់ជ្រៅមិនឃើញយកកូនត្រឡប់មកផ្ទះវិញឡើយ។ ដោយយល់ថាកូនប្រុសត្រូវភ្ញាក់ពីព្រឹកទៅរៀនសូត្រផង ទើបរូបគាត់បានចុចទូរស័ព្ទហៅប្តីឲ្យយកកូនមកដេកយកកម្លាំងទៅរៀនថ្ងៃស្អែក ។លុះពេលប្តីយកកូនមកដល់ផ្ទះ ស្រាប់តែខឹង ក៏បានជេរប្រមាថគាត់ ធ្វើឲ្យគាត់ទ្រាំមិនបាន ក៏បានតមាត់ត.ក និងបាន ឈ្លោះប្រកែកគ្នា។ មួយសន្ទុះស្រាប់តែ ប្តីគាត់ស្ទុះទៅយកអង្រែបុកគ្រឿងនៅផ្ទះបាយមកវាយក្បាលគាត់ពីក្រោយបែកក្បាលហូរឈាមតែម្តង ។
ក្រោយពេលកើតហេតុស្រី្តជាប្រពន្ធបានទៅគ្លីនិកឯកជនដើម្បីរុំរបួសរួច ក៏បាន ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅ ឲ្យហៅបុរសជាប្តីមកធ្វើការអប់រំឈប់ប្រើអំពើហិង្សាលើប្រពន្ធទៀតតែប៉ុណ្ណោះដោយមិនបានប្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់នោះទេ ៕ ប្រាថ្នា