ព័ត៌មានទាន់ហេតុការណ៍៖

អាណាព្យាបាលសិស្សសាលាបឋមសិក្សាសម្តេចជា សុីម ក្រុងព្រះសីហនុខឹងសម្បារ អាជ្ញាធរសង្កាត់លេខ២និងអាជ្ញាធរក្រុងព្រះសីហនុលក់មាន់ ទា សត្វគ្រប់ប្រភេទក្បែរសាលារៀន ប៉ះពាល់ដល់សុខភាពសិស្ស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មាតា បិតាជាអាណាព្យាបាលសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាសម្តេចជាសុីម ដែលមានទីតាំងជាប់បណ្តោយវិថី( C.T ) ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង.ខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្ត រួមនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលធ្វើដំណើរតាមបណ្តោយវិថីខាងលើមកដល់ចំណុចខាងមុខសាលាបឋមសិក្សាខាងលើ តែងតែនាំគ្នាយកដៃខ្ទប់មាត់ និងច្រមុះ ព្រោះតែការសាយភាយក្លិនស្អុយ ឆ្អេះឆ្អាបចេញពីតូប ដែលយកទីធ្លាចិញ្ចើមផ្លូវខាងមុខសាលារៀនដាក់តាំងលក់មាន់ទានិងសត្វគ្រប់ប្រភេទបង្ករឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពកូនៗរបស់ពួកគាត់ដែលអង្គុយនៅក្នុងថ្នាក់រៀន។ មិនតែប៉ុណ្ណោះបង្កឲ្យមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃជាមួយអតិថិជនដែលចេញចូលរកទិញសត្វដែលដាក់តាំងលក់នៅតូបលើចិញ្ចើមផ្លូវនេះ។

មាតា បិតាអាណាព្យាបាលសិស្សជាច្រើននាក់បានបង្ហើបឲ្យដឹងទៀតថា នៅខាងមុខជាប់របងសាលាខាងលើតាមវិថី (C.T )ដែលអាជ្ញាធររៀបចំក្រាលឥដ្ឋការ៉ូឡារួចនិងមានដាក់បង់ថ្មសម្រាប់ទុកឲ្យសិស្សអង្គុយលេងផង មានប្រវែងប្រមាណ២៥០ម៉ែត្រ តភ្ជាប់មកពីផ្សារពាណិជ្ជកម្មនៅក្នុងពេលដែលលោកស្រីឆេង ផាតអតីតជានាយិការសាលាខាងលើដែលចូលនិវត្តន៍បានយកចំណីផ្លូវខាងមុខសាលាជួលទៅឲ្យអ្នកលក់ដូរផ្សេងៗសង់ជាតូបប្រក់តង់ប្រមាណជិតដប់តូបក្នុងមួយតូបៗក្នុងតម្លៃចាប់ពី២០ដុល្លារហូតដល់ទៅ១០០ដុល្លារឯណ្ណោះជាក់ស្តែងដូចជាតូបលក់សត្វគ្រប់ប្រភេទមានមាន់ ទា ក្ងាន សត្វឆ្កែរ។ល។ ដោយមិនខ្វល់ពីការសាយភាយក្លិនស្អុយឆ្អេះឆ្អាបប៉ះពាល់ដល់សុខភាពសិស្សានុសិស្សកំពុងអង្គុយរៀននៅក្នុងថ្នាក់ឡើយ។ ជាងនេះទៅទៀតធ្វើឲ្យបាត់បង់សោភ័ណភាពសាលា និងសណ្តាប់ធ្នាប់ទីក្រុងស្អាត ដែលត្រូវប្រលងប្រណាំងប្រគួតប្រជែងជាមួយបណ្តារប្រទេសជាសមាជិកនៅក្នុងអាស៊ាននាពេលដ៍ខ្លីខាងមុខនេះផង។

មន្ត្រីការិយាល័យអប់រំក្រុងព្រះសីហនុសុំមិនបង្ហាញឈ្មោះបានបង្ហើបឲ្យដឹងថាបើទោះបីជាសព្វថ្ងៃលោកស្រីឆេង ផាត គាត់ចូលនិវត្តន៍ទៅហើយក្តីប៉ុន្តែ ក្រុមអាជីវករដែលមានតូបលក់ដូរខាងលើនោះនៅតែបន្តបង់ប្រាក់ថ្លៃតូបប្រចាំខែឲ្យទៅលោកស្រីជារៀងរាល់ខែ ហើយកន្លងមកលោកស្រីធ្លាប់បានប្រាប់មកការិយាល័យអប់រំក្រុងថាគុណបំណាច់រូបលោកស្រីជានាយិការដែលបានខិតខំដឹកនាំកសាងសាលាខាងលើនាពេលកន្លងមក។ ហេតុដូចនេះពេលលោកស្រីបានចូលនិវត្តន៍ទៅហើយលោកស្រីសុំយកបរិវេនខាងមុខសាលាក្រៅរបងធ្វើជាស្រែស្រូវជួលទៅឲ្យអាជីវករធ្វើតូបលក់ដូរផ្សេងៗគ្រាន់បានកម្រៃបន្តក្នុងការចិញ្ចឹមជីវិត។

លោកគឹម សៀចៅសង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុបានឲ្យដឹងថាជុំវិញបញ្ហារខាងលើអាជ្ញាធរសង្កាត់កន្លងមកធ្លាប់បានចុះរៀបចំសណ្តាប់ធ្នាប់មិនឲ្យមានការសង់រោងធ្វើតូបលក់ដូររំលោភលើចំណីផ្លូវសាធារណ:ខាងមុខសាលារៀននេះទេ ហើយមិនទាន់បានរយ:ពេលប៉ុន្មានផងស្រាប់តែបានឃើញអាជីវករមកសង់តូបលក់ហូរហែរដូចបានរៀបរាប់ខាងលើហើយខាងអាជីវករបានឲ្យដឹងទៀតថាពួកគាត់បានបង់ប្រាក់ទៅឲ្យលោកស្រីឆេង ផាតអឌីតជានាយិការសាលាដែលបានចូលនិវត្តន៍នេះដោយ បើមិនដូច្នេះទេធ្វើម្តេចពួកគាត់អាចធ្វើតូបស្នាក់នៅ លក់ដូរបានរហូតមកដល់សព្វថ្ងៃនេះ។

លោកគឹមសៀបានបញ្ជាក់ថាសម្រាប់រូបលោកដែលជាអាជ្ញាធរសង្កាត់រង់ចាំឲ្យតែមានការសុំសហការណ៍ពីសាលាខាងលើដោយកុំគិតពីផលប្រយោជន៍បុគ្គលណាម្នាក់ក្នុងការរៀបចំសោភ័ណ្ឌភាពទីក្រុងនិងគិតគូរពីផលប៉ះពាល់ដល់សុខភាពក្មួយៗ ចៅៗជាសិស្សដែលអង្គុយរៀនក្នុងថ្នាក់នាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនិងជម្ងឺផ្លូវដង្ហើម។

ដោយឡែកលោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុដែលកន្លងមកធ្លាប់មានស្នាដៃល្អក្នុងការដឹកនាំរៀបចំសោភ័ណ្ឌភាពទីក្រុង នាពេលចិនក្រោយថ្មីៗនេះហាក់បីដូចជាមានភាពកំសោយហៅលែងលឺតែម្តងកុំថាឡើយការដាក់តាំងលក់សត្វគ្រប់ប្រភេទរំលោភលើចំណីថ្នល់ សូម្បីតែគុំនរសម្រាមដែលគរជាពុំនូកធំប៉ុនភ្នំនៅកណ្តាលថ្នល់ក៏ទុកចោលរាប់ថ្ងៃជះក្លិនស្អុយអាសោចន៍យ៉ាងណាក៏លោកហាក់បីដូចជាមើលលែងឃើញដែរ។

មាតា បិតាអាណាព្យាបាលសិស្សដែលមានកូនរៀននៅសាលាខាងលើបានសំណូមពរដល់លោក យន្ត មីនអភិបាលខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍ និងមានចំណាត់ការក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីតាំងតូបលក់ដូរខាងលើឲ្យបានសមរម្យដើម្បីកាត់បន្ថយហារនិភ័យនៃជម្ងឺ ប៉ះពាល់ដល់សុខភាពសិស្ស និងដើម្បីរក្សាបាននូវសណ្តាបធ្នាប់និងសោភ័ណ្ឌភាពទីក្រុងផង។

ជុំវិញបញ្ហារខាងលើនេះភ្នាក់ងារយកព័ត៌មានព្យាយាមរកការបកស្រាយពីលោកស្រី ឆេង ផាតអាឌីត នាយិការសាលាដែលចូលនិវត្តន៍ និងលោកអភិបាលក្រុងព្រះសីហនុតែមិនអាចទំនាក់ទំនងបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧៕ ឆ្លាម សមុទ្រ


ចែករំលែក៖