ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី យុវជន២នាក់បានទាស់ពាក្យសំដីគ្នាបន្តិចបន្តួច រហូតឈានទៅដល់ប្រើហិង្សា បណ្ដាលឲ្យយុវជនម្នាក់រងរបួស់ធ្ងន់ដេកពេទ្យ ចំណែកឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកនគរបាលប៉ុស្ថិ៍បឹងកក់ទី១ ដើម្បីធ្វើការសាកសួរ ។
ករណីហិង្សាបណ្ដាលឲ្យមានអ្នករងរបួសខាងលើនេះ បានកើតនៅវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំនុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ជនបង្កឈ្មោះ ជុន ស៊ីនាង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១ ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ចំណែកឯជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
បើតាមសំដីប្រជាពលរដ្ឋឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កអង្គុយហូបបាយនៅមុខផ្ទះជាមួយគ្រួសារស្រាប់តែជនរងគ្រោះបានអូសរទេះអេតចាយរួមនឹងទ្វារដែកពីរសន្លឹកមកដល់មុខផ្ទះជនបង្កស្រាប់តែនបង្កបានស្រែកប្រាប់ទៅបុរសឈ្មោះពៅថា (បើឯងលួចរបស់គេចឹងកុំយកចូលភូមិពេលថ្ងៃចឹង) ស្រាប់តែ ពៅ ស្រែកវិញថា (ជារឿងរបស់អញមិនទើសក្បាលម៉ែអាណាទេ) ភ្លាមនោះដោយការខឹងសម្បារយ៉ាងខ្លាំងជនបង្កបានទាញដុំថ្មគប់ទៅលើ ពៅ ចំជើងខាងឆ្វេងបណ្ដាលមានឈាម ។
ដោយសារតែកំហឹង ពៅ បានទាញដំបងឈើជ្រុងស្ទុះទៅវាយជនបង្កតែត្រូវជនបង្កចាប់ឈើបានរុញទៅបុកដើមទ្រូងរបស់ ពៅ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ហើយត្រូវរថយន្តសង្គ្រោះបន្ទាប់របស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកនគរបាលប៉ុស្ថិ៍បឹងកក់ទី១ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ស តារា