ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនជែងមិនប្រយ័ត្នបុកដើមឈើក្រឡាប់ធ្លាក់ប្រឡាយរបួស៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុៈ រថយន្តហ៊ីណូធុនធំ មួយគ្រឿងបានបើកជែងរថយន្តមួយគ្រឿង ទៀតមិនប្រយ័ត្នបានជ្រុលទៅបុកដើមឈើ ហើយក្រឡាប់ធ្លាក់ប្រឡាយបណ្ដាលឲ្យ មនុស្ស៣នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង​៩និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចបង្គោល​គីឡូម៉ែត្រលេខ១៩២ ស្ថិតក្នុងភូមិបត់​សិរ​មាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបង្កដោយខ្លួនឯង ដោយសាររថយន្តម៉ាកហ៊ីណូ ពណ៌សខៀវក្រហមពាក់ស្លាកលេខ ព្រះ សីហនុ3A-0184 ដឹកធុងគ្មានទឹកចំនួន១០ ដែលក្នុងធុងនីមួយមួយមានចំណុះ១០០លីត្រ ជាធុងទឹកថ្នាំសម្រាប់លាយក្រឡុកបេតុង ធ្វើ ដំណើរពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានី ភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ រថយន្តនោះបានព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិស គ្នា ហើយទាញចង្កូតមកស្ដាំវិញដោយល្បឿនលឿនក៏ជ្រុលធ្លាក់ចិញ្ចើមថ្នល់ទៅបុកដើមឈើធ្លាក់ត្រពាំងទឹកក្រឡាប់តែម្ដង។

បើតាមសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះបណ្ដាលឲ្យមនុស្ស៣នាក់​រងរបួស ទី១-ឈ្មោះ ហួត សេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នក​បើកបររបួសស្រាល, ទី២-ឈ្មោះ ហន ទូច ភេទប្រុស អាយុ២០ឆ្នាំ គ្មានរងរបួស និង​ទី៣-ឈ្មោះ ឈូក ផង់ ភេទប្រុស អាយុ៣០ ឆ្នាំ គ្មានរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិង ប្រជាពលរដ្ឋបានចុះដល់កន្លែងកើតដើម្បី ជួយសង្គ្រោះមនុស្ស។ ដោយឡែករថយន្តត្រូវក្រុមហ៊ុនស្ទូចយកទៅជួសជុលដោយ ខ្លួនឯង៕ ឆ្លាម សមុទ្រ


ចែករំលែក៖