ភ្នំពេញ៖ យុវជវនម្នាក់មានមុខរបរជាង ជួសជុលរថយន្តផ្នែក(ភ្លើង) ស្លាប់ភ្លាមៗ ខណៈកំពុងផ្សារដុំដេររថយន្តនិងកុងតឺន័រ ១គ្រឿង ស្រាប់តែក្បាលផ្សារនោះឆ្លងចរន្ត អគ្គីសនីបណ្តាលឲ្យ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត ក្នុងយានដ្ឋានផ្សារដែក និងជួសជុលរថយន្ត មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះខាងលើឈ្មោះ ឡាត់ ឡុង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិ-ឃុំព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅលីវ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា គាត់ ក៏ធ្វើជាជាងរថយន្តដែរ និងបានស្នាក់នៅផ្ទះ ជួលជាមួយក្មួយដែលជាជនរងគ្រោះនេះ ដែរ ហើយគាត់និងក្មួយប្រុសម្នាក់នេះ ទើបតែបានមកធ្វើការនៅក្នុងយានដ្ឋានជួស ជុលរថយន្តខាងលើបានរយៈពេល១ថ្ងៃ ប៉ុណ្ណោះ។ នៅមុនពេលកើតហេតុគាត់បានជួសជុលរថយន្ត១គ្រឿងផ្សេង ដោយឡែក ក្មួយគាត់ម្នាក់នេះបានជួសជុលរថយន្ត១ គ្រឿងផ្សេងទៀត ដោយគេបានតភ្លើងផ្សារដុំដេររថយន្តកុងតឺន័រ ខណៈនោះក្បាលផ្សារ គេតែងហៅថា ក្បាលមាន់នោះ បានឆ្លង ចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ដួលដេកទៅ លើដីស្លាប់ភ្លាមៗតែម្ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយ ពេលកើតហេតុជិត១ម៉ោងទើប មានការ ភ្ញាក់ផ្អើលហើយម្ចាស់យានដ្ឋានបានហៅ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កង ពលតូចលេខ៧០ទៅដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ក្រុម សង្គ្រោះបានពិនិត្យមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយទើបគេបានរាយការណ៍ទៅអាជ្ញាធរនិងនគរបាលមូលដ្ឋានចុះពិនិត្យមើលនិងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យព្រមទាំងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ