ព័ត៌មានទាន់ហេតុការណ៍៖

គម្រោង “ទឹកសម្រាប់ជីវិត”នឹងផ្ដល់ទឹកស្អាតឲ្យប្រជាជនចំនួន ៧ ម៉ឺននាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ មូលនិធិសិង្ហបុរីអន្តរជាតិ (SIF) បានសម្ពោធគម្រោង “ទឹកសម្រាប់ជីវិត” មួយទៀតរបស់ខ្លួននៅក្នុងខេត្តសៀមរាប។ គម្រោងរយៈពេល 4 ឆ្នាំនេះមានគោលបំណងផ្តល់ជូនអ្នកភូមិកម្ពុជាចំនួន ៩០០០ នាក់នៅក្នុងស្រុកជីក្រែង និងស្វាយលើ របស់ខេត្តសៀមរាប នូវលទ្ធភាពទទួលបានទឹកស្អាត និងបណ្ដុះបណ្ដាលនូវចំណេះដឹងផ្នែកអនាម័យមូលដ្ឋានដើម្បីកាត់បន្ថយអត្រាជំងឺកើតចេញពីទឹក ។

គម្រោង “ទឹកសម្រាប់ជីវិត” ត្រូវបានដាក់ចេញឲ្យអនុវត្តជាលើកដំបូងក្នុងឆ្នាំ ២០១០ នៅឃុំដានរន្ធ និងឃុំដំដែក នៃខេត្តសៀមរាប។ នៅចុងបញ្ចប់នៃគម្រោងនេះ អ្នកភូមិចំនួន ១៧,០០០ នាក់បានទទួលប្រយោជន៍ពីឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន ២៦០០ ឈុត ដែលបានតំឡើងតាមផ្ទះរបស់ពួកគាត់ ដែលជាហេតុនាំឲ្យមានការធ្លាក់ចុះនូវករណីជំងឺកើតចេញពីទឹករហូតដល់ទៅ ៨៥%។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៧ ពលរដ្ឋសិង្ហបុរីស្ម័គ្រចិត្តចំនួនជាង ៤០០ នាក់បានមកធ្វើការនៅក្នុងឃុំចំនួន ១២ ក្នុងខេត្តកំពង់ស្ពឺដើម្បីតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន ១៧០០ ឈុត ដោយផ្តល់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនចំនួន ៤៤,០០០ នាក់។

ក្នុងរយៈពេលបួនឆ្នាំខាងមុខនេះ អ្នកស្ម័គ្រចិត្តចំនួនជាង ២៤០ នាក់មកពីប្រទេសសឹង្ហបុរីនឹងតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន ៩០០ ឈុត និងរៀបចំវគ្គអប់រំអនាម័យមូលដ្ឋានសម្រាប់អ្នកភូមិ គ្រូបង្រៀន និងកុមារ ។ គម្រោងនេះត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយអង្គការ “ទឹកសម្រាប់កម្ពុជា” និងឧបត្ថម្ភដោយក្រុមហ៊ុន Ngee Ann Development Pte Ltd ។

លោក Lian Wee Cheow ប្រធានមូលនិធិសិង្ហបុរីអន្តរជាតិ បានថ្លែងថា៖ “ក្នុងនាមជាប្រទេសដែលខ្វះទឹក ហើយបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការអភិរក្សទឹក នៅក្នុងការរស់នៅ យើងពិតជាទទួលស្គាល់ពីសារៈសំខាន់នៃការទទួលបានទឹកទទួលទាន ។ ក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ បន្ទាប់ពីយើងបានបើកដំណើរការគម្រោង “ទឹកសម្រាប់ជីវិត” លើកដំបូងនៅខេត្តសៀមរាប យើងពិតជាមានកម្លាំងចិត្តក្នុងការដាក់ចេញនូវដំណាក់កាលទីពីរនៃគម្រោងនេះ ។ គម្រោងនេះ មិនត្រឹមតែផ្តល់ឱកាសឲ្យយើងបានជួយកែប្រែជីវិតរបស់ប្រជាជនកម្ពុជាជាមិត្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលផ្ដុំសហគមន៍រួមគ្នាដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើងផងដែរ”។

លោក Liugi Giani នាយកប្រតិបត្តិការនៃអង្គការ “ទឹកសម្រាប់កម្ពុជា” (Water for Cambodia) បានបន្ថែមថា៖ “ភាពជាដៃគូ ជាមួយមូលនិធិសឹង្ហបុរីអន្តរជាតិ នឹងជួយឲ្យយើងពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា ដូចជាស្រុកជីក្រែង និងស្រុកស្វាយលើជាដើម ។ ភាពជាដៃគូនេះ បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ទឹកស្អាតដល់អ្នកដែលត្រូវការខ្លាំងបំផុត ពោលគឺ អ្នកភូមិរាប់ពាន់នាក់ដែលពឹងផ្អែកលើទឹកទន្លេដើម្បីបំពេញតម្រូវការទឹករបស់ពួកគេ ទោះបីជាទឹកនោះបង្កឲ្យមានអត្រាខ្ពស់នៃជំងឺកើតចេញពីទឹកក្ដី ។ នេះជាលើកទីពីរហើយដែលយើងសហការជាដៃគូជាមួយនឹងមូលនិធិសិង្ហបុរីអន្តរជាតិ ហើយយើងសង្ឃឹមថា កិច្ចសហការលើកនេះនឹងមានជោគជ័យបន្តទៀត”។

លោក Teo Chiang Long នាយកប្រតិបត្តិក្រុមហ៊ុន Ngee Ann Development Pte Ltd បានថ្លែងថា៖ “ទឹកគឺជាតម្រូវការចាំបាច់ ប៉ុន្តែ លទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ទទួលទាន នៅតែជាបញ្ហាប្រឈម សម្រាប់មនុស្សជាច្រើននៅក្នុងពិភពលោក ។ ក្រុមហ៊ុន Ngee Ann Development Pte Ltd មានកិត្តិយសដែលបានចូលរួមក្នុងការជួយផ្លាស់ប្ដូរជីវិតរបស់ប្រជាជនជាអ្នកជិតខាងនៃយើង តាមរយៈការជួយគាំទ្រដល់គម្រោង “ទឹកសម្រាប់ជីវិត” នៅក្នុងខេត្តសៀមរាប់ចាប់តាំងពីឆ្នាំ ២០១០ មក”។

គម្រោង “ទឹកសម្រាប់ជីវិត” (ខេត្តសៀមរាប) ដំណាក់កាលទី ២ គឺជាសមិទ្ធផលសំខាន់មួយទៀត នៅក្នុងមិត្តភាពរយៈពេល ១៥ ឆ្នាំរវាងមូលនិធិសិង្ហបុរីអន្តរជាតិ និងសហគមន៍នៅកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ជីវិតរស់នៅ និងរួមគ្នាធ្វើអំពើល្អប្រកបដោយអត្ថន័យ ។ តាមរយៈការបញ្ជូនជនជាតិសិង្ហបុរីស្ម័គ្រចិត្ត ដូចជាបុគ្គលិកអប់រំ និងគ្រូពេទ្យ ដើម្បីធ្វើការជាដៃគូជាមួយនឹងទីភ្នាក់ងារ និងសហគមន៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ និងតាមរយៈការស្វាគមន៍មន្ត្រីជំនាញ សិស្សនិស្សិត និងមន្ត្រីរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដូច្នេះ មូលនិធិសិង្ហបុរីអន្តរជាតិ បានប្រើប្រាស់អំណាចនៃមិត្តភាព ដើម្បីជួយលើកស្ទួយជីវិតរស់នៅ និងធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន៕ វឌ្ឍនា


ចែករំលែក៖