ព័ត៌មានទាន់ហេតុការណ៍៖

រត់ប្រឡែងលេងជាមួយសត្វឆ្កែ រអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់កុមារម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាម្នាក់ត្រូវគេអះអាងរត់ប្រឡែងលេងជាមួយសត្វឆ្កែ រអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម ទាល់តែសត្វឆ្កែមកព្រុះទើបមានការសង្ស័យក៏បង្កការភ្ញាក់ផ្អើលឡើង។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកស្រះចម្ងាយពីផ្ទះប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់បានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ឈ្មោះ ហង្ស លី អាយុ ៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ និងជីដូន ស្ថិតក្នុងភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយជំនាញចុះពិនិត្យ និងស្រាវជ្រាវឃើញថា មុនកើតហេតុកុមារារងគ្រោះរត់ប្រឡែងលេងជាមួយសត្វឆ្កែនៅចំណុចក្បែស្រះទឹក ហើយជីដូនបានទៅចាប់យកមកផ្ទះពីដងហើយ ខណៈដែលជីដូនរវល់ដាំស្លរមួយសន្ទុះនោះ ស្រាប់តែឃើញសត្វឆ្កែរត់មកផ្ទះទាំងខ្លួនទទឹកជោគ ហើយបក់កន្ទុយស្រែកង៉េសៗបណ្ដើរបែមុខទៅរកស្រះទឹកហើយព្រុះបែបនាំផ្លូវ ជីដូនរូបនោះក៏បានរត់ទៅមើលតាមសត្វឆ្កែក៏ឃើញមានស្នាមស្មៅសង្ស័យលង់ទឹកហើយ តែមិនហានចុះរាវនោះទេព្រោះទឹកស្រះជ្រៅណាស់ ក៏រត់ទៅហៅអ្នកភូមិឲ្យមកជួយដោយនៅឆ្ងាយផងនោះទើបអ្វីៗហួសពេលអស់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយនាំគ្នាពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមករាល់ហើយនោះ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិទទួលយក ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖