ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកក្រឡាញ់ឃាត់ខ្លួនជនសង្ស័យ១៥នាក់ ធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដឹក នាំដោយ លោកវរសេនីយ៍ទោ ជី បេង ជន អធិការនគរបាលស្រុកបានចុះបង្រ្កាប ករណីនេសាទខុសច្បាប់ ដោយប្រើអាំង វែរទ័រឆក់ត្រី ហើយត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ១៥នាក់ចាប់យក ឧបករណ៍នេសាទខុសច្បាប់ (អាំងវែរទ័រ) មួយចំនួនយកមកសួរនាំនិងរក្សាទុកនៅ អធិការស្រុក ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនេះទៀត ទើបឲ្យត្រឡប់ទៅ ផ្ទះវិញ ។ ចំណែកវត្ថុតាងចាប់យកបាន ត្រូវសមត្ថកិច្ចដុតកម្ទេចចោលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ចំនួន២ ក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ ជី បេង ជន អធិការ នគរបាលស្រុកក្រឡាញ់បានប្រាប់ថា មុនឈានដល់នាំខ្លួនក្រុមអ្នកនេសាទខុសច្បាប់ទាំង១៥នាក់នោះ នៅក្នុងភូមិចំនួន២ ដោយមានការចូលរួមពីសំណាក់បងប្អូន អ្នកនេសាទមួយចំនួន ដោយពួកគាត់យល់ ពីច្បាប់ ទើបលោកដឹកនាំកម្លាំងចុះបង្ក្រាបឈានទៅឃាត់ខ្លួនជនទាំងនេះព្រមទាំង ចាប់យកវត្ថុតាងមួយចំនួន និងឱ្យពួកគាត់ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រើឧបករណ៍ឆក់ត្រីតទៅទៀត។ ក្នុងនោះបានដកហូត ឧបករណ៍អាំងវែរទ័រ១១គ្រឿង អាគុយចំនួន ១០គ្រឿង និងនៅភូមិព្រៃថ្កូវដកហូតបាន អាំងវែរទ័រចំនួន១គ្រឿង សរុប១២គ្រឿង អាគុយសរុប១០គ្រឿង ។

បច្ចុប្បន្ន ជននេសាទខុសច្បាប់ទាំងនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យឈប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នេះ តទៅទៀតរួចហើយទើបឱ្យវិលត្រឡប់ទៅ ផ្ទះវិញ ។ ចំពោះឧបករណ៍នេសាទខុស ច្បាប់ (អាំងវែរទ័រ) និងអាគុយត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕ ប៊ុន រិទ្ធី


ចែករំលែក៖