ភ្នំពេញ ៖ ទណ្ឌិតឈ្មោះ ជា ជុង អតីតម្ចាស់កសិដ្ឋានមួយនៅស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាទីតាំងផលិតគ្រឿងញៀនដ៏ធំ សម្បើមមានជាប់ពាក់ព័ន្ធនឹងលោកញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំង ប្លុងមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមបញ្ជាចៅក្រមតុលាការដើម្បីសាកសួរក្នុងនាមជាសាក្សី។
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ហើយបន្ទាប់មកតុលាការបានចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្នពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀននៅខេត្តកំពង់ស្ពឺ ។
ការចោទប្រកាន់របស់តុលាការនេះ ធ្វើឡើងក្រោយពីមានលិខិតកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតឈ្មោះ ជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេខ្លោងផលិតគ្រឿងញៀនជាជនជាតិចិនមួយ ចំនួន ដែលក្នុងនោះមានចំណុចពាក់ព័ន្ធនឹងលោក ញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងដ៏ធំមួយកាលពីឆ្នាំ២០០៧។ នេះបើតាមរយៈ លិខិតរបស់ទណ្ឌិត ជា ជុង ដែលបានស្នើសុំឲ្យអគ្គនាយកដ្ឋានពន្ធនាគារ និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជួយរក យុត្តិធម៌ និងសើរើឡើងវិញអំពីសំណុំរឿងគ្រឿងញៀននេះ ។
ផ្អែកលើការបរិហាររបស់ទណ្ឌិតឈ្មោះ ជា ជុង ឯកសារ និងភស្តុតាងនៅក្នុងសំណុំ រឿង បន្ទាប់ពីបានធ្វើការស្រាវជ្រាវករណីនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញតម្រុយបទល្មើសលើ ឈ្មោះ ញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនដូចបានរៀបរាប់ខាងលើ។ នេះបើតាមអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដែលបានបញ្ជាក់ថា ទណ្ឌិត ជា ជុង ជាអតីតទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ ចាប់តាំងពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៧។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ សមត្ថកិច្ចបានឆែកឆេរទីតាំងចិញ្ចឹមគោមួយកន្លែងស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរកឃើញនូវឧបករណ៍ផលិតគ្រឿងញៀន និងសារធាតុផលិតគ្រឿងញៀន ហើយ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិខ្មែរចិន និងថៃផងដែរ។ ក្រោយមកតុលាការបានសម្រេចផ្តន្ទាទោសពិរុទ្ធជនឈ្មោះ ជា ជុង, ជិន ធានវិន, ឆាយ ខាំងស៊ី , ឆះ ណាក់ស៊ី , ស៊ីវ ទី, វ៉ាន់ យ៉ាន់ និងគួង ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ទោសពី២៥ឆ្នាំ ដល់ មួយជីវិត ពីបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនតាមមាត្រា២.២ថ្មី និងមាត្រា៣៨.១ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានតែទណ្ឌិត ឈ្មោះ ជា ជុង, ឆាយ ខាំងស៊ី ,ឆះ ណាក់ស៊ី និងវ៉ាន់ យ៉ាន់ កំពុងអនុវត្តទោសនៅពន្ធនា គារ ។ ចំណែកជនល្មើសឈ្មោះ គួង និង ជនជាតិចិនផ្សេងទៀត ដែលបានគេចខ្លួន នោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
លោក ជា ជុង បានអះអាងថា លោក ជាម្ចាស់ដីទំហំ៥ ហិកតា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមិត្តភក្ដិជនជាតិចិនបានជួលកន្លែងដើម្បីរក្សាទុកសារធាតុទាំងនោះ។
កាលពីខែមករា ឆ្នាំ២០០៨ កន្លងទៅ តុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យ ជនជាតិចិនម្នាក់ឈ្មោះ ហួង ជាប់គុក មួយជីវិត និងផាកពិន័យប្រាក់ចំនួន ១០០លានរៀល ស្មើនឹង២៥.០០០ដុល្លារ អាមេរិក។ តុលាការបានកាត់ទោសឈ្មោះ ជា ជុង ឲ្យជាប់គុក២៥ឆ្នាំ និងផាកពិន័យ ចំនួន១លានរៀល ស្មើនឹង២៥០ដុល្លារ អាមេរិក ក្រោមបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀនក្រោយពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញថា មានសារធាតុផ្សំគ្រឿងញៀនចំនួនសរុប៦តោនរក្សាទុកនៅក្នុងកសិដ្ឋានមួយ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅខែមេសា ឆ្នាំ២០០៧ ។ ក្រៅពីនេះ តុលាការក្រុង ភ្នំពេញបានកាត់ទោសជន ជាតិចិន៥នាក់ ទៀតឲ្យជាប់គុករវាងពី២០ឆ្នាំទៅ២៥ឆ្នាំ។
ដោយឡែកជនជាប់ចោទឈ្មោះ អុំ ឆាយ បានធ្វើអត្តឃាតនៅពេលកំពុងឃុំខ្លួននៅក្រសួងមហាផ្ទៃនៅឆ្នាំ២០០៧កន្លងទៅ ៕ សហការី