ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកស្រែអំបិលឃុបឃិតឲ្យឈ្មួញកាប់បំផ្លាញដីព្រៃកោងកាង

ចែករំលែក៖

ខេត្តកោះកុង ៖ ដីព្រៃកោងកាង និងព្រៃលិចទឹកមួយកន្លែង ស្ថិតក្នុងភូមិ សារាយខាងជើង ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុងត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញឃុបឃិតគ្នាស៊ីញ៉េឲ្យឈ្មួញកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋបានលើកឡើងថា ការ ឃុបឃិត និងបើកដៃពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញបានឲ្យឈ្មួញនាំចូល គ្រឿងចក្រ (អេស្កាវ៉ាទ័រ )ចូលឈូសឆាយ និងជីកកម្ទេចព្រៃកោងកាង និងព្រៃលិច ទឹកនៅចំណុចខាងលើ ។ ដោយជាទទួលបានលាភសក្ការសន្ធឹកសន្ធាប់ ទើបហ៊ាន ល្មើសនឹងប្រសាសន៍របស់សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែង តែបញ្ជាឲ្យមន្ត្រី និងអាជ្ញាធរមានសមត្ថ កិច្ចទាំងអស់ ត្រូវនាំគ្នាខិតខំទប់ស្កាត់រាល់ បទល្មើសនានាដែលកើតឡើងក្នុងតំបន់កាន់កាប់របស់ខ្លួន។

ប្រភពបានឲ្យដឹងថា កន្លងមកនៅក្នុងស្រុកស្រែអំបិលមានករណីជីកកកាយដីភ្នំ កាប់ទន្ទ្រានដីព្រៃលិចទឹកជាច្រើនកន្លែង តែគេពុំដែលបានឃើញមន្ត្រីជំនាញ និង អាជ្ញាធរមានសមត្ថកិច្ចចុះហាមឃាត់ម្តងណានោះទេ ។ តែបើពលរដ្ឋក្រីក្រកាប់អូស ឬកូនឈើបន្តិចបន្តួចដើម្បីយកមកសាង សង់ផ្ទះ ឬធ្វើអ្វីផ្សេងវិញ គឺពិតជាមិនអាចគេចរួចពីកណ្តាប់ដៃក្រុមមន្ត្រីជំនាញនោះឡើយ។

ម្ចាស់ដីឈ្មោះ ស៊្រុន សុខនីតា បានឲ្យ ដឹងតាមទូរស័ព្ទថា ដីដែលគាត់ទិញនេះ មានទំហំ៩ហិកតាកន្លះ ហើយក៏មានការ ស៊ីញ៉េពីមេភូមិ មេឃុំ ចៅហ្វាយស្រុក ភូមិបាលស្រុក និងមានការស៊ីញ៉េពីលោក ម៉េង តិច នាយកបរិស្ថានស្រុកស្រែអំបិលថែមទៀតផង ទើបគាត់ហ៊ានឈូសឆាយ ។

អ្នកស្រីបានបន្តថា ទាំងដីនិងគ្រឿង ចក្រលោកស្រីចំណាយអស់ជាង១លាន ដុល្លារ ។ បើអ្នកសារព័ត៌មានហ៊ាន ថតនិងផ្សាយផ្តេសផ្តាសលោកស្រីនឹងប្តឹងទៅ តុលាការភ្នំពេញ ព្រោះក្រុមហ៊ុនគាត់ធំ ណាស់ ។

ជុំវិញករណីចោទប្រកាន់ខាងលើ លោក ប៊ុន រេ មេឃុំជ្រោយស្វាយថ្លែងថា គាត់ទើបតែជាប់ជាមេឃុំថ្មី រឿងនេះលោក មិនបានដឹងអ្វីទាំងអស់ ។

រីឯលោក ទួន សិលា អភិបាលស្រុកស្រែអំបិលវិញបានឲ្យដឹងថារឿងដីខាងលើ គាត់បានស៊ីញ៉េមែនតែដោយសារ លោក ម៉េង តិច ជាអ្នកស៊ីញ៉េមុន ទើបគាត់ ហ៊ាន ។ ម្យ៉ាងដីព្រៃលិចទឹកនិងកោងកាងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានហើយការ កាប់បានឬមិនបានវាជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន ។

ចំណែកលោក ម៉េង តិច ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិលបានឲ្យដឹង តាមទូរស័ព្ទថា រឿងគ្រឿងចក្រជីកកកាយដីព្រៃកោងកាងនោះ លោកគ្មានពេលឆ្លើយជាមួយអ្នកព័ត៌មាននោះទេ ។ បើចង់ដឹង ទៅសួរម្ចាស់ដីខ្លួនឯងទៅគាត់រវល់ការងារណាស់ហើយក៏បិទទូរស័ព្ទតែម្តង ៕ ហេង សូរិយា


ចែករំលែក៖