ព័ត៌មានទាន់ហេតុការណ៍៖

តែងតាំងលោក ម៉ូវ ម៉ានិត ឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកលោក ប៉ឹល កុសល ពីតំណែងអភិបាលខណ្ឌសែនសុខ ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យស្ដីពីផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រដ្ឋាភិបាល ដែលប្រភពព័ត៌មានទទួលបាន ។

ប្រភពបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោក ប៉ឹល កុសល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ជំនួសតំណែងនេះវិញ រដ្ឋាភិបាលសម្រេចតែងតាំងលោក ម៉ូវ ម៉ានិត ឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុក្រឹត្យបញ្ជាក់បន្ថែមថា បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕

 


ចែករំលែក៖