ភ្នំពេញ៖ យុវជនម្នាក់ បានចេញពីធ្វើការហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពីត្រូវរថយន្តតូរីសបើកបុកពីក្រោយ និងអូសសពជនរងគ្រោះជិត៦០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើដងមហាវិថីព្រះនរោត្តម ប្រឆិតក្បែរវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ឌី ជាបញ្ញាឬរិទ្ធ អាយុ ២៤ឆ្នាំ មានមុខរបរជាបុគ្គលិក បម្រើការហាងស៊ុបប៊ូហ្វេ នៅម្តុំមជ្ឈមណ្ឌល កោះពេជ្រ បានធ្វើដំណើរម្នាក់ឯងដោយម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I -9658 ។
យោងតាមសម្ដីពីមិត្តភក្តិ របស់យុវជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ដែលចេញ ពីបម្រើការងារ នៅហាងម្តុំកោះពេជ្រ ដោយធ្វើដំណើរ តាមបណ្តោយ មហាវិថី ព្រះនរោត្តម ក្នុងទិសដៅ ពីត្បូងទៅជើង ។ លុះមកដល់ស្តុបក្បែរ ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង ប្រភេទតូរីស បានបើកបុកពីក្រោយ អូសទាំងម៉ូតូនិងជនរងគ្រោះជិត៦០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានបើករត់គេបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅ តម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិ ឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា