ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេចគេចខ្លួនត្រឡប់មកវិញត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច រួចគេចខ្លួនពីលំនៅឋានអស់រយះពេលជាច្រើនខែ ខណៈត្រឡប់មកវិញត្រូវបានសមត្ថកិច្ចនគរបាលចាប់វាយខ្នោះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ។

ករណីចាប់ខ្លួនជនត្រូវចោទខាងលើនេះធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ ម៉ឺយ ជីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩០ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក អ៊ី សុវណ្ណ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ អំពើលួច ដែលប្រព្រិត្តកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពបានបន្តថា ក្រោយពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ អំពើលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេចរួច ជនខាងលើនេះបានព្យាយាមគេចខ្លួនចេញពីលំនៅឋាន ដោយពុំដឹងថាទៅរស់នៅឯខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកកោះធំ បានប្រទះឃើញជនត្រូវចោទនៅក្នុងមូលដ្ឋាន ភ្លាមនោះក៏ធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖