ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានចេញអនុក្រឹត្យ សម្រេចប្តូរមុខតំណែង លោក ប៉ឹល កុសល ពីអភិបាលខណ្ឌសែនសុខ ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងបានសម្រេចតែងតាំងលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌសែនសុខជំនួសវិញ ហើយពិធីប្រកាសតែងតាំងនេះ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២តុលាខាងមុខនេះ ។
នេះបើតាមអនុក្រឹត្យស្ដីពីផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការរបស់រដ្ឋាភិបាលលេខ១០៩៣ អ ន ក្រ ត ត ចុះថ្ងៃទី២៩ ខែកញ្ញានេះ ដែលហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមអនុក្រឹត្យខាងលើនេះ បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោក ប៉ឹល កុសល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ជំនួសតំណែងនេះវិញ រដ្ឋាភិបាលសម្រេចតែងតាំងលោក ម៉ូវ ម៉ានិត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អនុក្រឹត្យបញ្ជាក់បន្ថែមថា បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌសែនសុខថ្មីនេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២ តុលាខាងមុខនេះ នៅសាលាខណ្ឌសែនសុខ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ លោក ប៉ឹល កុសល បានមកកាន់តំណែងជាអភិបាលខណ្ឌសែនសុខ កាលពីឆ្នាំ២០១៦ ជំនួសលោក លី សាវ៉េត ដែលត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តកំពត។ ដោយឡែក លោក ម៉ូវ ម៉ានិត ក៏ធ្លាប់ជាអភិបាលរងខណ្ឌសែនសុខ ជំនាន់លោក លី សាវ៉េត ហើយត្រូវរដ្ឋាភិបាលដំឡើងតួនាទីជានាយករដ្ឋបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៥កន្លងទៅ ហើយនៅថ្ងៃទី២៩ ខែកញ្ញានេះ លោក ម៉ូវ ម៉ានិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង ជាអភិបាលខណ្ឌសែន ជំនួសលោក ប៉ឹល កុសលតែម្តង ៕ សំរិត