ភ្នំពេញៈ ផ្តើមចេញពីឧប្បតិហេតុផ្ទុះកង់ខាងមុខបានធ្វើឲ្យរថយន្តកុងតឺន័រ ១គ្រឿងរេចង្កូតទៅបុករថយន្តដឹកទំនិញពេញទំហឹងបណ្តាលឲ្យក្បាលរថយន្តកុងតឺន័រខ្ទេចចំណែកអ្នកបើកបររងរបួសធ្ងន់ ដោយឡែករថយន្តដឹកទំនិញរងនូវការខូចខាតមួយចំហៀងខាងឆ្វេង ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកចូលទៅរោងចក្រស្រាបៀថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
រថយន្តបង្កជាប្រភេទរថយន្តដឹកកុងតឺន័រ ម៉ាកនីសាន់ឌីហ្សែល ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-2928 អ្នកបើកបររងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ចំណែករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3D-5801 រងនូវការខូចខាតមួយចំហៀងខាងឆ្វេង ។
លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្បាន់ចរាចរបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា ។
រថយន្តកុងតឺន័របើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តដឹកទំនិញបើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំនុចកើតហេតុស្រាប់តែរថយន្តកុងតឺន័របែកកង់មុខខាងឆ្វេងបណ្តាលឲ្យរេចង្កូតទៅបុកចំពាក់កណ្តាលរថយន្តដឹកទំនិញពេញ ទំហឹងបណ្តាលឲ្យខ្ទេចក្បាលរថយន្តកុងតឺន័រហើយអ្នកបើកបររងរបួសធ្ងន់ ។
លោកអធិការរងបន្តថា ក្រោយកើតហេតុបន្ទាប់ពីកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលបញ្ចប់បញ្ហានៅកន្លែងកើតហេតុដោយភាគីខាងរថយន្តកុងតឺន័រចេញសំណងជួសជុលឲ្យភាគីខាងរថយន្តដឹកទំនិញ ៕ សណ្តោស