ការប្រឈមមុខតានតឹងរវាងទួរគី នឹង អាមេរិក ក៏ដូចជា អាល្លឺម៉ង់ បារាំង ហុល្លង់ បានរុញច្រានទួរគី ទៅកាន់តែឃ្លាតឆ្ងាយ បន្តិចម្តងៗ ។ នៅពេលនេះទួរគីកាន់តែ ជិតស្និទ្ធជាមួយ ប្រទេសរុស្ស៊ី ដោយបាន បង្កើនទំនាក់ទំនងលើគ្រប់វិស័យ។
កន្លងមកថ្មីៗប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្គាន បានទទួលជួបលោក ប្រធានាធិបតីរុស្ស៊ី វ្លា៉ឌីមៀរ ពូទីន។ ប្រមុខ រដ្ឋរុស្ស៊ី និងធ្វើដំណើរទស្សនកិច្ចមួយថ្ងៃទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីពិភាក្សាពី វិបត្តិនយោបាយ និងសង្រ្គាម នៅអុីរ៉ាក់ និងនៅស៊ីរី។ ប្រមុខដឹកនាំរុស្ស៊ី និងទួរគី នឹងពិភាក្សាគ្នាផងដែរ ពីកិច្ចសន្យាទិញអាវុធសម្រាប់កងទ័ពទួរគី។
ទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី នៅរដ្ឋធានី អង់ការ៉ា ប្រទេសទួរគី បានបាំងបិទទាំងស្រុងវិបត្តិការទូតដ៏ធ្ងន់ធ្ងរដែល ប្រទេសទាំងពីរបានធ្លាប់មាននឹងគ្នា កាល ពីពីរឆ្នាំមុន។ នៅឆ្នាំ ២០១៦ ទំនាក់ទំនង រវាងរុស្ស៊ី នឹងទួរគី បានធ្លាក់ចុះសឹងដល់ កម្រិតសូន្យ បន្ទាប់ពីទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង ដែល ធ្វើប្រតិបត្តិការនៅព្រំដែនស៊ីរី ជាមួយ ទួរគី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
នៅក្នុងវិបត្តិស៊ីរីទួរគី និងរុស្ស៊ីមានជំហរមិនដូចគ្នានោះទេ។ អាចថា ភាគីទាំងពីរត្រូវប្រឈមមុខដាក់គ្នាដោយខានមិនបាន ព្រោះថា រុស្ស៊ី និងអុីរ៉ង់ ធ្វើប្រតិបត្តិការយោធាការពារគាំទ្រ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ចំណែកទួរគីឯណោះ វិញ ផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់ក្រុមទាហានប្រឆាំងស៊ីរី ដែលប្រយុទ្ធត តាំងនឹងទាហានរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ។
ទោះបីមានជំហរមិនដូចគ្នានៅក្នុងការដោះស្រាយវិបត្តិស៊ីរី ប៉ុន្តែ ទួរគី និងរុស្ស៊ីនៅតែអាចដាក់ការខ្វែងគំនិតគ្នា នៅ កន្លៀតជញ្ជាំង និងងាកត្រឡប់មកចរចាត្រូវរ៉ូវគ្នារហូតបង្កើតបានតំបន់គ្មានការផ្ទុះ អាវុធ នៅស៊ីរីនៅពាក់កណ្តាលខែកញ្ញា នេះ។ ទួរគីបានលះបង់ចោលជំហររឹងត្អឹង របស់ខ្លួន ដើម្បីងាករេទៅរករុស្ស៊ី បន្ទាប់ពីទួរគីកាន់តែលែងចុះសម្រុង និងថ្នាំងថ្នាក់ កាន់តែខ្លាំង ជាមួយប្រទេសលោកខាង លិច ជាពិសេស អាមេរិក និងអាល្លឺម៉ង់។ ទួរគី ចាប់អាក់អន់ចិត្តនឹងអាល្លឺម៉ង់ នៅ ក្រោយពេល អាល្លឺម៉ង់ រិះគន់នយោបាយ បោសសម្អាត របស់រដ្ឋាភិបាលលោកអ៊ែរ ដូហ្គាន នៅក្រោយផែនការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេច នៅទួរគី។ ការរឹត ចំណងរវាងទួរគី នឹងរុស្ស៊ី រហូតដល់ការ ប្រកាសកិច្ចសន្យាទិញប្រព័ន្ធខែលមីស៊ីលរុស្ស៊ី ដើម្បីបំពាក់ឲ្យកងទ័ពទួរគី រឹតតែធ្វើ ឲ្យប្រទេសលោកខាងលិច បារម្ភ និងអាចបង្កជាបញ្ហាចោទសម្រាប់ទួរគី ដែលជា សមាជិករបស់អង្គការអូតង់ នាំមុខដោយ អាមេរិក។
ក្រៅតែពីបញ្ហាស៊ីរី ស្ថានភាពនយោបាយ នៅអុីរ៉ាក់ ក៏ក្លាយជាប្រធានបទសំខាន់នៅក្នុងជំនួបរវាងប្រមុខរដ្ឋរុស្ស៊ី និងទួរគីផង ដែរ។ រដ្ឋាភិបាលទួរគីបានថ្កោលទោស ការបោះឆ្នោតប្រជាមតិ នៅគួឌីស្ថាន នៅអុីរ៉ាក់ ដែលនៅក្នុងនោះប្រជាជនគាំទ្រឲ្យមានការទាមទារឯករាជ្យពីរដ្ឋាភិបាល អុីរ៉ាក់។ សម្រាប់ទួរគី ការទាមទារឯករាជ្យ របស់គួឌីស្ថានអុីរ៉ាក់ គឺជាគំរូដ៏អាក្រក់ ដែលជនជាតិឃីដនៅទួរគី អាចធ្វើតាម ដើម្បីទាមទារឯករាជ្យពីរដ្ឋាភិបាលទួរគី។ ទីក្រុងអង់ការ៉ា បានព្រមានរួចហើយ ពីផលវិបាកសេដ្ឋកិច្ច បើសិនគួឌីស្ថាន នៅអុីរ៉ាក់ទាមទារឯករាជ្យ។ ប៉ុន្តែ រុស្ស៊ី វិញ ដែលមានចំណងសេដ្ឋកិច្ចល្អប្រសើរជាមួយគួឌីស្ថានអុីរ៉ាក់ មិនគាំទ្រជំហររបស់ ទួរគី និងទាមទារឲ្យគេគោរពការសម្រេចចិត្តរបស់ប្រជាជន ជាតិគួឌីស្ថាន។ គេអាចយល់ពីជំហររបស់រុស្សី ព្រោះថា រុស្ស៊ី ធ្លាប់បានប្រយោជន៍ ទទួលបានទឹក ដីគ្រីមៀ មកកាន់កាប់ ក៏ដោយសារការបោះឆ្នោតប្រជាមតិទាមទារផ្តាច់ទឹកដី ពីរដ្ឋាភិបាលអ៊ុយក្រែន នៅឆ្នាំ ២០១៤ ដែរ។
ទំនាក់ទំនង ប្រទេសទាំងពីរកាន់តែ ប្រសើរឡើងក្រោយពេលដែលប្រធានា ធិបតីទួរគីលោក អ៊ែរដូហ្គាន បានផ្ញើសារមកសុំការអភ័យទោសចំពោះការបាញ់ធ្លាក់ យន្តហោះចម្បាំងរបស់រុស្ស៊ីនៅត្រង់ព្រំដែន ទួរគី-ស៊ីរី ។
ថ្លែងទៅពួកអ្នកកាសែត អ្នកនាំពាក្យ វិមានក្រិមឡាំង បានលើកឡើងថា” ការ ដែលលោកប្រធានាធិបតីទួរគី អ៊ែរដូហ្គាន បានផ្ញើសារ មកកាន់សមភាគីរុស្ស៊ី គឺជា ជំហានសំខាន់ ណាស់សម្រាប់រៀបរយ ទំនាក់ទំនងរវាងទួរគីនិងរុស្ស៊ីឲ្យមានប្រក្រតីភាពវិញ ប៉ុន្តែមិនបាននឹកស្មានឡើយថាការរៀបរយនេះ អាចសម្រេចបានដូចចិត្តតែក្នុងប៉ុន្មានថ្ងៃសោះ”។
លោក ពេស្កូវ បន្ថែមថា លោកប្រមុខ រដ្ឋរុស្ស៊ីនឹងផ្តើមគំនិត សន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគី។ លោកប្រធានាធិប តីពូទីន តែងបាននិយាយជាច្រើនលើកទៅហើយអំពីបំណងគាត់មានទំនាក់ទំនងល្អ ជាមួយដៃគូទួរគីទាំងលម្អិតថា ក្រុងមូស្គូ បានរុញច្រានចេញមកមិនដឹងជាប៉ុន្មាន ដងទៅហើយ “លក្ខខណ្ឌ” មាន៣ចំណុចសម្រាប់ភាគីទួរគីបំពេញតាមដើម្បីស្តារឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ី។ ប្រាកដណាស់ដែលភាគីទាំងសងខាងត្រូវឈានជំហានជាច្រើនថែមទៀតដើម្បីខិតចូល ជិតគ្នា។
ជាការរំលឹក លក្ខខណ្ឌមាន៣ចំណុច នោះ ចែងថា ៖ ទី១- ទួរគីត្រូវសុំទោសរុស្ស៊ី ចំពោះការបាញ់ធ្លាក់យន្តហោះយោធារុស្ស៊ី ធុន Su-24 ដោយយន្តហោះប្រដេញ ទួរគីធុន F-16 កាលពីថ្ងៃ២៤ វិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ព្រំដែន ទួរគី-ស៊ីរី , ទី២- ត្រូវសងមករុស្ស៊ីចំពោះ ការបាត់បង់ យន្តហោះនោះ និងទី៣ – ត្រូវប្រគល់ មកឲ្យរុស្ស៊ី ជនដៃដល់ទួរគី ដែល បានបាញ់សម្លាប់ពីឡុតរុស្ស៊ី ពេលគេ លោតតាមឆត្រយោងចុះមកដី ក្រោយពី គេចេះចាកចេញ បានទាន់ពេលវេលាពីយន្តហោះដែលឆេះទ្រលោមទៅហើយ។
ដូច្នេះឃើញថាក្នុងចំណោមលក្ខខណ្ឌនោះ ទួរគីទើបបំពេញបានតែចំណុចទី១ ប៉ុណ្ណោះ គឺការសុំទោសរុស្ស៊ី។ ទាក់ទង នឹងចំណុចទី២ ក្រុងអង់ការ៉ា បានថ្លែង ម្សិលមិញថា ខ្លួនប្រកែកមិនព្រមបង់ថ្លៃខូតខាតអ្វីណាទៅឲ្យរុស្ស៊ីឡើយ។ ទាក់ទង នឹងចំណុចទី៣ ទួរគីនៅស្ងៀមស្ងាត់ តែម្តង។
ក្រុងអង់ការ៉ា អះអាងថា ខ្លួនបាន បាញ់យន្តហោះរុស្ស៊ី ពីព្រោះយន្តហោះ នោះ បានហោះចូលដែនអាកាសទួរគី ប៉ុន្តែរុស្ស៊ី បដិសេធដាច់អហង្ការហើយចាត់វិធានការសងសឹកវិញ ជាពិសេសផ្នែក ពាណិជ្ជកម្មបែបយ៉ាង ហាមមិនឲ្យទំនិញ ទួរគីនាំចូលរុស្ស៊ី ខ្ទប់ផ្លូវមិនឲ្យទេសចររុស្ស៊ីទៅសម្រាកនៅទួរគីទៀតឡើយ ជាហេតុ នាំឲ្យទួរគីបង់ខាត អស់ពាន់លានដុល្លារ ទៅហើយ៕ ម៉ែវ សាធី