ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនមិនគោរពច្បាប់ជ្រុលទៅបុកម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួនពីនាក់ត្រូវរងរបួសធ្ងន់ ខណៈដែលកំពុងតែជិះម៉ូតូមួយគ្រឿងឌុបគ្នា ស្រាប់តែមានរថយន្តមួយគ្រឿងបើកលឿនមិនគោរពច្បាប់ចរាចរណ៍ មកបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសអ្នកជិះម៉ូតូធ្ងន់ទាំង២នាក់ ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជនផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣៥នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាម២០១១ ខាងកើតវត្តជុំប្រហែល៥០ម៉ែត្រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1_AM 8065 បើកបរដោយបុរសម្នាក់ឌុបគ្នាតាមផ្លូវលេខ២០១១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H 0092 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)ជិះបញ្ច្រាសទិសគ្នាមិនប្រកាន់ចំណែកផ្លូវមកបុកពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ហើយដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗផងដែរ។

លោកសុិន សុវណ្ណប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយរថយន្តបើកលឿនមិនគោរពច្បាប់ទើបបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងដូចនេះ លោកបន្តថាក្រោយបង្កហេតុរួចអ្នកបើករថយន្តមិនត្រូវស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)ដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ ចំណែកខាងភាគីជនរងគ្រោះក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ដោយសារសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុវាស់វែង និងអូសយករថយន្ត និងម៉ូតូប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ព្រែកជ័យ


ចែករំលែក៖