ព័ត៌មានទាន់ហេតុការណ៍៖

សុខ ជំនោរ បារម្ភសុវត្ថិភាពប្អូនស្រីក្រោយអតីតសង្សារនៅតែទូរស័ព្ទមក

ចែករំលែក៖

ភ្នំពេញ៖ រឿងក្តីតារាចម្រៀងវ៉ាន់ នីឡា និងជនជាប់ចោទគុយ សិទ្ធិសក្តិ ជុំវិញការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមហើយ ។ ប៉ុន្តែក្រុមគ្រួសារតារាចម្រៀងរូបនេះ នៅតែបន្តព្រួយបារម្ភ ព្រោះតែជនជាប់ចោទនៅតែបង្ហាញខ្លួន និងខលមកនាងនៅឡើយ ។

រឿងក្តីជនជាប់ចោទគុយ សិទ្ធិសក្តិ កូនប្រុសលោកគុយ ប៊ុនសនអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារជាមួយកញ្ញាសុខ ចិន្ដាហៅវ៉ាន់ នីឡាពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ថ្ងៃទី១៥ ខែសីហា នេះ ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាបឲ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន២០០លានរៀល ។ ប៉ុន្តែក្រោយពីកាត់ក្តីរួច ក៏នៅតែមាននូវព័ត៌មាន ដែលកញ្ញាវ៉ាន់ នីឡានៅតែជួបនឹងលោកគុយ សិទ្ធិស័ក្តដោយចៃដន្យថែមទាំងបានខលមកកញ្ញាថែមទៀតផង ។ ជាមួយនឹងរឿងរ៉ាវនេះធ្វើឲ្យវ៉ាន់ នីឡា ក៏ដូចជាលោកសុខ ជំនោរជាបងប្រុសមានការភ្ញាក់ផ្អើល និងតក់ស្លុតតែម្ដង ដោយសារតែមានការភ័យខ្លាចបារម្ភនឹងសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេល ដែលជនជាប់ចោទមិនទាន់បានចូលខ្លួនទៅអនុវត្តទោសរបស់គេនៅតុលាការនៅឡើយ ។ ដោយលោកសុខ ជំនោរបានបង្ហាញនូវរូបភាព ដែលជនជាប់ចោតបានខលមកប្អូនស្រីរបស់ខ្លួនរួចបានសរសេរថា៖តើរយះពេលយូរប៉ុណ្ណា ដែលជនរងគ្រោះរង់ចាំសាលក្រមចូលស្ថាពរសូមពឹងបងប្អូនមិត្តភក្តិខាងច្បាប់ផង ។ ព្រឹកមិញនេះជនចាប់ចោទនៅតែតេមកជនរងគ្រោះ ។

គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌សម្រាប់តារាចម្រៀងវ៉ាន់ នីឡាកន្លងមកអតីតសង្សាររបស់នាងគឺលោកគុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់បើទោះបីជាទទួលបានការដាស់ទោសទៅហើយ ក៏ដោយធ្លាប់បានផ្ញើរសារគំរាមកំហែងប្រើពាក្យសំដីអសុរោះមើលងាយលើរូបនាងជាខ្លាំងអាងអំណាចជាកូនមន្រ្តីធំធ្វើឲ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹមនៅក្នុងរឿងនេះម្ដងម្កាលផងដែរ ។ ជនជាប់ចោទគុយ សិទ្ធិសក្តិត្រូវបានចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស»ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៦តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ វឌ្ឍនា


ចែករំលែក៖