ព័ត៌មានទាន់ហេតុការណ៍៖

ចាប់នាវាកូរ៉េខាងជើងដឹកកាំភ្លើងជាង៣ម៉ឺនដើមទៅកាន់អេហ្ស៊ីប

ចែករំលែក៖

នាវាដឹកទំនិញកូរ៉េខាងជើងបានដឹកកាំភ្លើងជាង៣ម៉ឺនដើម ប្រភេទ បាញ់គ្រាប់បែក ត្រូវបានចាប់ខ្លួនក្រោយពេល បង្វែរទិសដៅ ទៅកាន់អែហ្ស៊ីប។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយនៅថ្ងៃទី១ ខែតុលាថា ហេតុការណ៍ខាងលើបានកើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលដែលកម្លាំងទាហានអាមេរិកបានផ្ញើរបាយការណ៍សម្ងាត់ ស្តីពីនាវាអាថ៌កំបាំងកំពុងធ្វើដំណើរឆ្ពោះទៅកាន់អេហ្សីប។ ប៉ុន្តែព័ត៌មានខាងលើរហូតមកទល់ពេលនេះទើប ទម្លាយជាសាធារណៈ។

ប្រភពព័ត៌មានបានផ្សាយថា នៅពេលនោះ នាវា ដឹកទំនិញខាងលើមានឈ្មោះថា Jie Shun មានការសង្ស័យ ដោយនាវាខាងលើបានចាកចេញពីកំពង់ផែ Nampo របស់កូរ៉េខាងជើងកាលពីថ្ងៃទី១៦ ខែមិថុនា នាំ២០១៦ នាវិកទាំងអស់នៅលើនាវា គឺជាជនជាតិកូរ៉េខាងជើង។

ចំពោះព័ត៌មានខាងលើ កម្លាំងទាហានជើងទឹកអេហ្សីប បានឃាត់នាវាខាងលើពេលចូលដល់ដែនសមុទ្រអេហ្ស៊ីប ។ កម្លាំងទាហានអេហ្ស៊ីបបានរុករកឃើញមានកាំភ្លើង ប្រមាណ៣ម៉ឺនដើមប្រភេទ PG-7 ។ សរុបអាវុធដែលរកឃើញមានរហូតដល់ទៅ១៣២តោន។

អង្គការសហប្រជាជាតិបានបើកការស្រាវជ្រាវ ពីការជួញដូរអាវុធជាទ្រង់ទ្រាយធំបំផុតរបស់កូរ៉េខាងជើង។ រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា តើអ្នកណា ប្រទេសណាដែលជាអ្នកត្រូវទទួលយកអាវុធទាំងនោះ។ តាមលទ្ថផលស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ឃើញថា មាន សេដ្ឋីអេហ្ស៊ីបបានចំណាយប្រាក់រាប់សិបលានដុល្លារទិញអាវុធពីកូរ៉េខាជើង ឲ្យកម្លាំងទាហានអេហ្ស៊ីប ប៉ុន្តែបានលាក់បាំងពីកិច្ចព្រមព្រៀងខាងលើ។

អាមេរិក និងសម្ពន្ធមិត្ត បានបង្កើនការដាក់ទណ្ឌកម្ម និងគ្រប់គ្រងប្រភពចំណូលរបស់កូរ៉េខាងជើង ដើម្បីរារាំង កម្មវិធីបរមាណូរបស់ប្រទេសនេះ ។ មន្ត្រីអាមេរិកបានលើកឡើងថា កូរ៉េខាងជើង ធ្លាប់បានលក់អាវុធទៅឲ្យប្រទេសជាច្រើន ក្នុងនោះ មាន អីរ៉ង ស៊ីរី អីរីទ្រា មីយ៉ានម៉ា គុយបា និងអេហ្ស៊ីប ៕ ម៉ែវ សាធី


ចែករំលែក៖