ភ្នំពេញ៖ មានក្រុមជនសង្ស័យ២នាក់បានជិះម៉ូតូមកវាយប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច និងគេចខ្លួនបានដោយសុវត្ថិភាព រួមទាំងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នៃករណីប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមានឈ្មោះ យ៉ាវ ចាន់ ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ស្លូងក្ដី ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងZoomerx ពណ៌ស ដែលពាក់ស្លាក់លេខ 1FZ-0396 ចេញពីផ្ទះក្នុងគោលបំណងទៅជួបជុំមិត្ដភ័ក្តិនៅEVC ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅជួបជុំគ្នានៅកោះពេជ្រ ស្រាប់តែពេលកំពុងធ្វើដំណើរហួសវិទ្យាល័យពង់ទឹកបន្ដិច ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូគ្រឿងមកជិតម៉ូតូជនរងគ្រោះ រួចយកដុំថ្មវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលខាងឆ្វេងធ្វើឲ្យជនរងគ្រោះដួលម៉ូតូ ស្រាប់តែពេលនោះមានជនសង្ស័យម្នាក់មកលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅមន្ទីរពេទ្យដើម្បីលាងរបួស និងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពង់ទឹក ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ