ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេយកទៅលាក់ទុក ម្ចាស់តាមរកឃើញវិញតាមរយៈប្រព័ន្ធសុវត្ថិភាព GPS

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលិសតាមចាប់ក្រុមជនសង្ស័យ ដែលជាបក្ខពួកចោរដើរលួចម៉ូតូគេ៣នាក់ដល់ផ្ទះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់សោក យកម៉ូតូស៊េរីថ្មីទំនើប១គ្រឿង កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូឈ្មោះ ឃឹម ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្លែងលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានឲ្យប្អូនប្រុសរបស់គាត់អូសម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 6254 របស់គាត់ចេញពីក្នុងផ្ទះមកដាក់នៅមុខបន្ទប់ ដោយចាក់សោកត្រឹមត្រូវ រួចក៏បានយកម៉ូតូផ្សេងទៀតជិះចេញក្រៅផឹកកាហ្វេ។ រយៈពេលប្រហែលមួយស្របក់ធំ ក្រោយមក ក៏ស្រាប់តែប្អូនប្រុសទូរស័ព្ទមកប្រាប់ថា ម៉ូតូនោះ ត្រូវចោរលួចបាត់ហើយ។

លោកបានបន្តថា ខណៈនោះគាត់ក៏បានតាមរកដោយឆែកមើលតាមប្រព័ន្ឋការពារសុវត្ថិភាពជីភីអែស GPS ដែលបំពាក់ក្នុងម៉ូតូភ្ជាប់ជាមួយទូរស័ព្ទដៃរបស់គាត់ ឃើញនៅក្នុងផ្ទះមួយនៅភូមិអូរបែកក្អម ទើបប្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឲ្យមកជួយអន្តរាគមន៍ ដកហូតម៉ូតូបានវិញភ្លាមៗជាក់ស្តែង ដោយឃាត់ខ្លួន មនុស្សប្រុស៣នាក់ ដែលនៅក្នុងផ្ទះលាក់ទុកម៉ូតូនេះ។

ប៉ូលិសនិយាយថា ក្រុមជនជាប់ចោទទាំង៣នាក់នោះ១, ឈ្មោះ អៀម វីយ៉ា អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃស្ងួន សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ២, ឈ្មោះ អៀម លីដា អាយុ៣៤ឆ្នាំ មុខរបរកម្មករ និងទី៣ឈ្មោះ ម៉ៅ ស៊ីគិន អាយុ៤២ឆ្នាំ មុខរបរកម្មករ ជនទាំង៣នាក់ មានមុរខរបរកម្មករសិប្បកម្ម ដែកអីណុក ស្នាក់នៅផ្ទះជួល ក្នុងភូមិអូរបែកក្អម ត្រង់ចំណុចផ្ទះកើតហេតុឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង៣កំពុងឃុំខ្លួនពួកគេសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងឯកសារចាត់ការតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖