ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភនារីបម្រើការក្នុងហាងជាមួយគ្នាមិនសម្រេចហើយរត់គេចខ្លួន សមត្ថកិច្ចតាមចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ល្បាតក្នុងមូលដ្ឋានតាមឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យជាអ្នកមើលការខុសត្រូវនៅហាងកោសជប់ខាងលើនេះ បានធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈទៅលើនារីជាអ្នកដាំបាយក្នុងហាងជាមួយគ្នា តែមិនសម្រេច ហើយរត់គេចខ្លួនមកខាងក្រៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចហាងកោសជប់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ធ ភេទស្រី អាយុ២១ឆ្នាំ មុខរបរអ្នកដាំបាយ ។ ចំណែកជនសង្ស័យមានឈ្មោះ អំ អ៊ាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមើលការខុសត្រូវនៅផ្ទះកោសជប់ ស្នាក់នៅហាងកោសជប់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីងូតទឹក ចងពុងក្រម៉ា ដើរចូលក្នុងបន្ទប់ដេកចាក់គន្លឹះ រួចអង្គុយលាបឡេលើគ្រែក្នុងបន្ទប់ ហាងកោសជប់។ ពេលនោះជនសង្ស័យដែលជាអ្នកមើលការខុសត្រូវនៅក្នុងហាងកោសជប់ បានមកគោះទ្វារបន្ទប់​របស់ជនរងគ្រោះ រួចជនរងគ្រោះស្មានថា ជាម្ចាស់ហាងកោសជប់ឈ្មោះ ជឹង ថា ភេទស្រី អាយុ៣៣ឆ្នាំ ក៏បានបើកទ្វារបន្ទប់ ។ ស្រាប់តែជនសង្ស័យបានស្ទុះចូលក្នុងបន្ទប់របស់ជនរងគ្រោះ ចាក់គន្លឹះទ្វារបន្ទប់ រួចចាប់ជនរងគ្រោះផ្តួលទៅលើគ្រែ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឲ្យគេជួយ រួចឈ្មោះ ជឹង ថា ជាម្ចាស់ហាងកោសជប់ បានឭសូរជនរងគ្រោះស្រែក ក៏ធាក់ទ្វារបន្ទប់ដើម្បីចូលជួយជនរងគ្រោះ ឃើញដូចនោះជនសង្ស័យក៏បានក្រោកចេញពីលើជនរងគ្រោះ ស្ទុះរត់ចេញមកខាងក្រៅ គាប់ជួនសមត្ថកិច្ចបានជិះម៉ូតូល្បាតតាមផ្លូវ៣៧១ ដល់ចំណុចកើតហេតុខាងលើ បានឃើញហេតុការណ៍ នោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោតាមនីតិវិធី៕


ចែករំលែក៖