ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿង​ចោរប្លន់​យ៉ាង​កក្រើក​ ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​បញ្ចប់​សវនាការ​ សាលក្រម​ប្រកាស​ថ្ងៃ​ទី​២០​ខែ​តុលា​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​សំណុំ​រឿង​ក្រុម​ចោរប្លន់​យ៉ាង​កក្រើក​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​០២​ ខែ​តុលា​ បញ្ចប់​សវនាការ​រឿង​ហើយ​សាលក្រម​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២០​ ខែ​តុលា​ ខាងមុខ​ ។​ ក្រុម​ចោរប្លន់​ទាំង​នេះ​ រួម​ទាំង​មេខ្លោង​រហស្សនាម​ក្រៃថោង​ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ ធ្លាប់​ធ្វើ​សកម្មភាពប្លន់​ជា​ច្រើន​លើក​ច្រើន​សារ​ និង​ ប្លន់​ឆ្លង​ខេត្ត​ថែម​ទៀត​ផង​ ។

ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ លោក​ សូ​ សារិន​ ថ្លែង​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ សាយ​ សម្ផស្ស​សេរី​ ជា​ប្រធាន​ក្រុមប្រឹក្សា​ លោក​ទី​ សំណាង​ លោក​ អ៊ី​ សុវណ្ណ​ ជា​ចៅក្រម​ប្រឹក្សា​ និង​លោក​ ឯក​ ស៊ុន​រស្មី​ ជា​តំណាង​អយ្យការ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ជនជាប់ចោទឈ្មោះ ហ៊ុល សុធីហៅ​ ផាន់ គឹមយន់ ហៅក្រៃថោង​ និង​ បក្ខពួក​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ការ​ប្រព្រឹត្ត​​អំពើ​ហិង្សា​​”​ ប្រព្រឹត្ត​នៅ​ភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ កាលពី​ថ្ងៃទី​០២​ ខែ​មីនា​ ឆ្នាំ​២០១៦​ តាម​មាត្រា​៣៥៣និង​៣៥៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក​រឿន​ ណារ៉ា​ ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ ធ្លាប់​ថ្លែង​ថា​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​ទ្រង់ទ្រាយ​ធំ​នេះ​ ក្រោយ​ពី​កើត​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ ផ្ទុះ​ផ្ទេរ​ប្រាក់​វីង​ ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​យប់​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ។

ក្រុម​ចោរប្លន់​ទាំង​នេះ​ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់​កាលពី​ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្នុងភូមិ​សាស្ត្រ​ខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការបង្រ្កាបនេះសមត្ថកិច្ច ដកហូត កាំភ្លើងខ្លី ម៉ាក​K59 មួយ​ដើម​និងម៉ូតូ៥គ្រឿង ជាមធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​៕ ចេស្តា


ចែករំលែក៖