ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគោយន្តដឹកឈើសន្លប់ស្ដូកនៅកណ្ដាលផ្លូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់គេឃើញដេកដួលសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមនៅកណ្ដាលផ្លូវ ខណៈជិះម៉ូតូបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយកាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦០ លេខ១៦១ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ សំ សុខប៊ុណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរតាមម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 1221 តែគេមិនបានបញ្ជាក់ធ្វើចរាចរណ៍ក្នុងទិសដៅពីណាទៅណានោះទេ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង ខណៈគោយន្តកន្រ្តៃនោះដឹងឈើពេញកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យភាគ្គីម៉ូតូដួលសន្លប់ស្ដូកស្ដឹងហូរឈាមជោគលើផ្លូវតែម្ដង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកភាគីគោយន្តកន្រ្តៃដឹកឈើដាក់មេប្រូចបាត់ស្រមោល ។

វត្ថុតាងគោយន្តកន្ត្រៃដឹកឈើ និងម៉ូតូម៉ាក ហុងដាឌ្រីម ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖